រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលជំនួយមនុស្សធម៌ពីសប្បុរសជន​ សម្រាប់បំរើឲ្យការងារទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញទទួលជំនួយមនុស្សធម៌ពីសប្បុរសជន ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហមគមន៍ ២០កុម្ភ: ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ។

នាឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោក តាំង គួង អគ្គនាយកក្រុមហ៊ុនឆាយ វ៉ាងគ្រុប និងលោក ប៉ែន សុវណ្ណារ៉ា និងលោកស្រី ដែលបាននាំយកជំនួយមនុស្សធម៌មកឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់។ លោកស្រីចាត់ទុកជំនួយមនុស្សធម៌នេះ ថាជាសកម្មភាពនៃការចែករំលែក ដើម្បីបំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺ​កូវីដ-១៩ ដែលកំពុងមានការឆ្លងរាតត្បាតធ្ងន់ធ្ងរ ក្នុងសហគមន៍នៅមួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវិស័យឯកជនចូលរួមទាំងអស់គ្នា។ ជាពិសេសឲ្យ​មានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ នៅក្នុងតំណាក់កាលបិទខ្ទប់ក្រុង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសហគមន៍ជាបន្តទៀត។

​ជំនួយដែលវិស័យឯកជនខាងលើ បាននាំយកមកផ្តល់ជូន រដ្ឋបាលខេត្តព្រះសីហនុ ពេលនេះ​​មាន៖

– លោក តាំង គួង អគ្គនាយកក្រុមហ៊ុនឆាយ វ៉ាងគ្រុប ឧបត្ថម្ភទឹកសម្លាប់មេរោគចំណុះ ០៥លីត្រ ១០០កេស, ចំណុះ ១០០ម.ល ១០០កេស, ម៉ាស៊ីនសម្លាប់មេរោគ
០៨គ្រឿង, មី ២០០កេស, និងទឹកបរិសុទ្ធ ៥០០កេស។

– លោក ប៉ែន សុវណ្ណារ៉ា និងលោកស្រី ឧបត្ថម្ភអង្ករ ១.០០០គីឡូក្រាម, ម៉ាស ១.០០០ប្រអប់, និងពងទាចំនួន ៣.០០០គ្រាប់​៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង