​សាលាដំបូងខេត្តព្រះសីហនុ ចេញដីកា​​ឃុំខ្លួនបុគ្គល​៣នាក់ ពីបទ​រារាំង​ការអនុវត្តវិធានការបិទខ្ទប់ក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ៖ ​សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុគ្គលចំនួន​០៣នាក់ ចោទពីបទ៖ រារាំងដល់ការអនុវត្តវិធានការបិទខ្ទប់ ក្រុងព្រះសីហនុ ដើម្បីបង្ការ​ទប់ស្កាត់​ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

បុគ្គលទាំង ០៣រូប ដែលតុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួមមាន៖

១- ឈ្មោះ វ៉ា ជាន ភេទប្រុស អាយុ​៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២- ឈ្មោះ ស៊ី គង់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៣- ឈ្មោះ កែវ ធាន ហៅ ខេម ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិត្រពាំងកក់ ឃុំត្រពាំងកក់ ស្រុកទឹកឈូ ខេត្តកំពត និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

​តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចោទប្រកាន់ជនទាំង ​០៣នាក់ខាងលើនេះថាបាន រារាំងដល់ការអនុវត្តវិធានការបិទខ្ទប់ក្រុងព្រះសីហនុ ប្រព្រឹត្តនៅក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ហើយថា បទល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា​៣, មាត្រា​៤ និងមាត្រា​១១ នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង