បទល្មើសឈូសបំផ្លាញព្រៃកោងកាង នៅស្រុកស្រែអំបិល​ បានបន្តកើតមានអនាធិបតេយ្យ ដោយផ្គើន​លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ​

ខេត្តកោះកុង៖ ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំស្រែអំបិល បានឲ្យដឹងថា ដីព្រៃព្រៃលិចទឹក ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន និងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទីតាំងនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានជនទុចរិត ឬឈ្មួញដី បានបញ្ជូនគ្រឿងចក្រ មកធ្វើការឈូសឆាយ ដើម្បីទន្ទ្រានរានដីព្រៃលិចទឹក ដែលមានដើមកោងកាងដុះដូចម្រាមដៃ ដើម្បីធ្វើកម្មសិទ្ធិឯកជនដោយខុសច្បាប់។

ប្រជាពលរដ្ឋបញ្ជាក់ថា សកម្មភាពប្រើគ្រឿងចក្រឈូសបំផ្លាញដីព្រៃលិចទឹក ដែលជាជម្រកត្រីបន្តពូជខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១​នេះ ​នៅត្រង់ចំណុច​អង្កាំ ស្ថិត​ក្នុងភូមិ​ចំការក្រោម ឃុំ ស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ហើយអាជ្ញាធរមូលដ្ឋាននេះ បានអះអាងថា សកម្មភាពប្រើគ្រឿងចក្រឈូសទន្ទ្រានដីព្រៃលិចទឹកខាងលើនេះ គឺគ្មានច្បាប់អនុញ្ញាត្តនោះទេ។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅមូលដ្ឋានឃុំស្រែអំបិល បានសំណូមពរដល់អភិបាលស្រុកស្រែអំបិល ជាពិសេសលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីជំនាញ ចុះស៊ើបអង្កេតទៅលើសកម្មភាព របស់ឈ្មួញ ឬជនឆ្លៀតឱកាស ដែលកំពុងជួលគ្រឿងចក្រ ឲ្យមកឈូសបំផ្លាញដីព្រៃកោងកាង ឬព្រៃលិចទឹក ជាជម្រកត្រីបន្តពូជ នៅមូលដ្ឋានភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ឲ្យបានឆាប់ ត្បិតបទល្មើសខាងលើនេះ កំពុងកើតមានយ៉ាងអនាធិបតេយ្យនៅមូលដ្ឋាននេះ។

ដោយឡែក តាមប្រភពពីបុរស​ម្ចាស់គ្រឿងចក្រ ឈ្មោះ វី បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង​តាម​ទូរស័ព្ទ នៅថ្ងៃទី០២ ខែឧសភានេះថា ទីតាំងដី ដែលរូបគាត់កំពុងឈូសឆាយ និងកាយ​ព្រំដីព្រៃ​លិច នៅ​ឃុំស្រែអំបិល ស្រុកស្រែអំបិលខាងលនេះ គឺមានម្ចាស់នៅរាជធានីភ្នំពេញ ហើយ​ឋានៈម្ចាស់ដីនេះ គឺ​ពាក់​ផ្កាយ​២ ឬផ្កាយ៣ ឯណោះ។ ហើយថា ចំពោះទីតាំងដី ដែលត្រូវឈូសឆាយពេលនេះ គឺ​ប្រមាណជាងមួយហិកតា​។ ហើយថា ម្ចាស់ដីនេះ ក៏កំពុងរត់ការលើករណីឈូសឆាយព្រំដីនេះរួចហើយដែរ ទើបគាត់ហ៊ានឲ្យគ្រឿងចក្រ មកធ្វើការឈូសឆាយ​បែបនេះ។

ប្រភពដដែល​ ​បានឲ្យដឹងទៀតថា ចំពោះសកម្មភាពឈូសកាយដីព្រៃលិចទឹក ឬព្រៃកោងកាង​ដូចគ្នានេះដែរ ក៏មានទីតាំងមួយកន្លែងទៀត នៅជិតទីតាំងដែលគាត់កំពុងឈូសឆាយនេះដែរ ត្រូវបានម្ចាស់ដីដាក់គ្រឿងចក្រឈូសឆាយព្រៃលិចទឹក ​លើទំហំផ្ទៃដីប្រមាណ ២០ហិកតា​ ដែលជាព្រៃលិចដូចគ្នា។ តើហេតុអ្វីបានជាម្ចាស់ដី ឬបុគ្គលរូបនោះ ឲ្យគ្រឿងចក្រឈួសឆាយដីព្រៃលិចទឹកទាំង​នោះបាន ? ហើយ​ទីតាំងនោះ គេកាយដី​នៅលើទីតាំងដីសម្បូរទៅដោយព្រៃកោងកាង ឬព្រៃលិចទឹក រហូតដល់មាត់​ព្រែកស្រែ​អំបិល ហើយម្ចាស់ដីនោះ ក៏មានឋានៈ​​ពាក់​ផ្កាយ២ដូចគ្នាដែរ។

យ៉ាងនេះក្តី បុរសអ្នកបើកគ្រឿងចក្ររូបនេះ បានបដិសេធមិនព្រមប្រាប់ឈ្មោះ ម្ចាស់ដី ដែលគាត់កំពុងធ្វើការឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង​នេះ​ទេ៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង