រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលជំនួយសម្បុរសពីវិស័យឯកជន សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ គឺលោក ឯម ភាព នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញទទួលជំនួយពីសប្បុរសជនក្នុងខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តនេះ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ​។

នាឱកាសនោះ លោក ឯម ភាព ​បានថ្លែងអំណរគុណចំពោះធនាគារ កាថេ យូណៃធីត សាខាខេត្តព្រះសីហនុ និងសមាគមពាណិជ្ជកម្ម ថលីងនៅកម្ពុជា ដែលបាននាំយកជំនួយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុនៅពេលនេះ។ លោកចាត់ទុកជំនួយមនុស្សធម៌នេះ ថាជាសកម្មភាពចូលរួមនៃការចែករំលែកជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ​។ លោក ឯម ភាព បន្តថា រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩ បានបន្តឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួន ក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនចូលរួមទាំងអស់គ្នា ពិសេសមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ ក្នុងការបិទខ្ទប់តំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុកុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។

លោកបន្តថា ជំនួយឧបត្ថម្ភរបស់វិស័យឯកជន ដែលបានផ្តល់ជូនជាបន្តបន្ទាប់មកនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូន​ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងព្រះសីហនុ ​ដែលកំពុងមានការឆ្លងរាតត្បាតធ្ងន់ធ្ងរ។

​ជំនួយឧបត្ថម្ភ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីវិស័យឯកជន នៅពេលនេះរួមមាន៖

– ធនាគារ ការថេ យូណៃធីត សាខាខេត្តព្រះសីហនុ ឧបត្ថម្ភម៉ាស ១០.០០០ អាល់កុល ១០កាន និងទឹកពិសាបរិសុទ្ធ ៥០កេស។

– សមាគមពាណិជ្ជកម្ម ថលីង នៅកម្ពុជា ឧបត្ថម្ភផ្លែប៉ោម ១០០កេស៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង