បុរសម្នាក់ត្រូវពស់ពព្លាក់ចឹករបួសធ្ងន់ នៅតំបន់មាត់សមុទ្រខេត្តកោះកុង

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មានបុរសម្នាក់ ត្រូវពស់ពព្លាក់ចឹក រងរបួសធ្ងន់ធ្ងរ ​នៅម៉ោង ១១យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ហើយបានក្រុមគ្រួសារ​បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

​សាច់ញាតិបុរសរងគ្រោះ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង នៅថ្ងទី០២ ខែឧសភា ឆ្នាំ២០២១​នេះថា មុនពេលត្រូវសត្វពស់ខាងលើចឹក គឺពីដំបូង បុរសរងគ្រោះ បានឮសម្លេងឆ្កែព្រុស រួចក៏ចុះពីលើផ្ទះ ចុះមកខាងក្រោម ហើយក៏ត្រូវ​សត្វពស់ខាងលើនេះ ​ហក់ខាំ​ ឬចឹក បណ្តាលឲ្យមានការឈឺចាប់ពេញរាងកាយភ្លាមៗ​ ហើយក៏បានបញ្ជូនទៅ​​សង្គ្រោះជីវិត នៅមន្ទីរពេទ្យខេត្តកោះកុង ក្រោយបុរសរងគ្រោះ បានវាយសត្វពស់ពព្លាក់ ដែលចឹកខ្លួននេះងាប់នៅក្បែរផ្ទះ។

លោក វេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានបន្ទីរពេទ្យខេត្តកោះកុង មានប្រសាសន៍​ថា ពេលនេះ អ្នកជំងឺ ដែលត្រូវពស់ពព្លាក់ចឹកខាងលើនេះ គឺមានសភាពធូរស្បើយច្រើនហើយ ក្រោមការពិនិត្យព្យាបាល របស់គ្រូពេទ្យជំនាញផ្នែកវេជ្ជសាស្ត្រ ប្រភេទថ្នាំពស់ពិស​។

​ព្រមជាមួយគ្នានេះ លោក វេជ្ជបណ្ឌិត ហៃ ឡៃសុន ​ក៏បានណែនាំដល់​អ្នកជំងឺ និង​ប្រជាពលរដ្ឋដទៃទៀត ពីលក្ខណៈពិសេសរបស់ពស់ពព្លាក់ថា «​វាជាពស់មួយប្រភេទ ដែលមានពិសខ្លាំង បើវា​ចឹក​ នឹងបណ្តាលមានការឈឺចុកចាប់ ហើម ក្លាយទៅជាតំបៅរលួយ ឬមានការវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ រហូតដល់ហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះ ឬហូរឈាមតាមផ្លូវរំលាយអាហារ និងបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀត និងអាចបណ្តាលឲ្យស្លាប់បាន​។

លោកបន្តថា រៀងរាល់ឆ្នាំ នៅរដូវធ្លាក់ភ្លៀងដើមឆ្នាំ មន្ទីរពេទ្យខេត្តកោះកុង តែងតែទទួលព្យាបាលអ្នកជំងឺពស់ចឹកជាច្រើននាក់ ដែលភាគច្រើន គឺដោយសារពស់ពព្លាក់ចឹក ដែលអាចបញ្ជាក់ថា ពូជពស់ប្រភេទនេះ ក៏សំបូរនៅខេត្តកោះកុងយើងនេះដែរ​។

លោកវេជ្ជបណ្ឌិត ដៃ ឡៃសុន បញ្ជាក់ថា ពស់ពព្លាក់ភាគច្រើន វាសំងំនៅក្បែរៗផ្លូវដើរ កុម្ពស្មៅ ក្រោមម្លប់ឈើ សួនដំណាំ ឬកន្លុកកន្លៀតក្បែរៗផ្ទះប៉ុណ្ណោះ ហើយ​វាចេញតាមទីវាលនៅពេលយប់ ក្នុងអំឡុងពេល​ធ្លាក់ភ្លៀងដើមរដូវវស្សា។ លោកថា ពេលពស់ប្រភេទនេះ ចឹកភ្លាម ដើម្បីកុំឲពិសរបស់វា ឆាប់ជ្រាបដល់បេះដូង​រហ័សពេក សូមឲ្យអ្នកត្រូវពស់ចឹកទាំងអស់ ចូរកុំប្រឹងកំរើកអវ:យវ: ដែល​ត្រូវពស់ចឹកនោះអី ដោយត្រូវរក្សាលំនឹងអវ:យវ:នោះ ដោយចងអបនឹងរបស់រឹង ហើយកុំព្យាយាមប្រើមាត់បឺតពិសពស់ និងត្រូវស្រែករកជំនួយ ឬប្រញាប់បញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុង។

លោកវេជ្ជបណ្ឌិតបន្តថា ដើម្បីបង្ការកុំឲ្យពស់ចឹក សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នពេលដើរនៅកន្លែង ដែលមានស្មៅដុះស៊ុបទ្រុប ជាពិសេសពេលយប់ ត្រូវប្រើពិលបំភ្លឺ និងពាក់ស្បែកជើង ក វែង​ជាដើម។

លោកវេជ្ជបណ្ឌិត ដៃ ឡៃសុន បញ្ជាក់បន្ថែមថា ក្នុងនាមមន្ទីរពេទ្យខេត្តកោះកុង សូមក្រើនរំលឹកដល់បង ប្អូនជាពលរដ្ឋ ជាពិសេសប្រជាកសិករនៅតាមស្រុកស្រែ​ចំការ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសអំឡុងពេល នៃរដូវធ្លាក់ភ្លៀងដើមរដូវវស្សា ឈានមកដល់នៅឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង