សម្ដេច ហ៊ុន សែន៖ ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតទេ ក្រោយថ្ងៃទី៥ ខែឧសភា ប៉ុន្តែអាចបិទតំបន់តូចៗ ដែលមានហានិភ័យឆ្លងជំងឺកូវីដ-១៩ខ្ពស់

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានប្រកាសថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលគឺអាចនៅបន្តបិទតំបន់តូចៗមួយចំនួន ដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បឋនប្រកាសដូច្នេះ គឺជាការឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់ដឹងអំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល ០៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ម្ចាស់គណនីហ្វេសបុកឈ្មោះ Tuo បានសរសេរយ៉ាងដូច្នេះថា «សម្តេច ថ្ងែទី៥នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់ សំណាងហើយក្មួយស្គាល់គេ ឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបយ៉ាងដូច្នេះថា «ពុំមានហេតុផលបន្តបិទ ទេយើងនិងបើកតែខេត្ត ឬរាជធានីបន្តទៀតទេ ប៉ុន្តែអាចបិទ តំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងជំងឺកូវីដ-១៩ ខ្ពស់។

សម្តេចតេជោ បន្តថា ចំពោះការបិទកន្លងមក គឺជាការបង្ខំចិត្ត ដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់ របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួម របស់ជាតិ»។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ហើយការកំណត់បិទខ្ទប់នេះ នឹងផុតកំណត់ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ គិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់ខាងលើនេះ មានរយៈពេល ០៣សប្ដាហ៍៕ ប្រភព៖ Fresh News

អត្ថបទដែលជាប់ទាក់ទង