លោក ឃួង ស្រេង ថា ក្រោយបញ្ចប់​បិទខ្ទប់រាជធានីភ្នំពេញ, ​តំបន់ក្រហម​នៅរក្សាការបិទខ្ទប់ដដែល ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩​

រាជធានីភ្នំពេញ​៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ​២០២១នេះ បានឲ្យដឹងថា ​ក្រោយថ្ងៃទី0៥ ខែឧសភា​ខាងមុខ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស។ ប៉ុន្តែលោកថា សម្រាប់រាជធានីភ្នំពេញ ក្រោយបញ្ចប់ការបិទខ្ទប់ នៅតែរក្សាតំបន់០៣ ដដែល​គឺ តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម មក​នៅតូចជាងមុនតែប៉ុណ្ណោះ។

​នៅក្នុងកិច្ចប្រជុំដដែលនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយ ទៅខេត្តមួយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០២១។ ប៉ុន្តែសម្រាប់ភ្នំពេញ នៅរក្សាតំបន់ ០៣ដដែលគឺ តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

លោក ឃួង ស្រេង បានបញ្ជាក់ថា «កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាល បើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជា នៅតាមខេត្តនានាឡើងវិញ ដោយ​នឹងសេចក្តីសម្រេចនានា ជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានាក្នុងរាជធានីភ្នំពេញ»។

លោក​បន្តទៀតថា «ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សា នូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន»។

​ទាក់ទិនបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ​បានប្រកាស​ថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោល​អាចនឹងបិទតំបន់តូចៗមួយចំនួន ដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ-១៩តែប៉ុណ្ណោះ។

ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុក របស់សម្ដេចថា ចង់អំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល ០៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គឺមានរយៈពេល ០៣សប្ដាហ៍៕ ប្រភព៖ Fresh News

អត្ថបទដែលជាប់ទាក់ទង