អភិបាល​ខេត្តព្រះសីហនុ ​ទទួលជំនួយមនុស្សធម៌ពីសណ្ឋាគារ ស៊ីហ៊ូ រីសត និងណានហៃ រៀលអ៉ីស្ទេត ឌីវេឡុបម៉ិន

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ​២០២១​ បានអញ្ជើញទទួលជំនួយមនុស្សធម៌ពីសណ្ឋាគារ ស៊ីហ៊ូ រីសត និងណានហៃ រៀលអ៉ីស្ទេត ឌីវេឡុបម៉ិន ឯ.ក ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសណ្ឋាគារ ស៊ីហ៊ូរីសត និងណានហៃ រៀលអ៉ីស្ទេត ឌីវេឡុបម៉ិន ឯ.ក បាននាំយកជំនួយមនុស្សធម៌ជាថវិកា និងម៉ាស ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ នេះជាសកម្មភាពចូលរួមនៃការចែករំលែកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺ ឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ​។ ព្រោះជំងឺកូវីដ-១៩ កំពុងមានការឆ្លងរាតត្បាតធ្ងន់ធ្ងរ ក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនចូល រួមទាំងអស់គ្នា ពិសេសមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ ក្នុងការបិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។ ម្យ៉ាងទៀតអំណោយទាំងនេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងព្រះសីហនុ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដែលកំពុងមានការឆ្លងរាតត្បាតក្នុងក្រុងព្រះសីហនុ​។ ​

​ជំនួយដែលរដ្ឋបាលខេត្តព្រះសីហនុ ទទួលបានពេលនេះរួមមាន៖ ថវិកាចំនួន ៣០.០០០ដុល្លារអាមេរិក និងម៉ាស ១០០.០០០ម៉ាស៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង