សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដោយម្នាក់ ជាជនជាតិខ្មែរ ពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ ឆ្លងកាត់តំបន់បិទខ្ទប់(តំបន់ក្រហម) ដោយចេតនា និងមិនគោរពតាមវិធានការសុខាភិបាល។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្តថា ជនសង្ស័យរួមមាន៖ ឈ្មោះ លូ គឹមហ្វាត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥E3 ផ្លូវ១១១ ភូមិ១៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរជាអ្នកបកប្រែភាសា នៅសណ្ឋាគារម្ដុំណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយជិះរថយន្ដម៉ាកToyota Camry ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 2AH-2263 ដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ពីម្ដុំសណ្ឋាគារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចេញពីគោលដៅហាមឃាត់ ហើយត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យ K៩៦ ចាប់ឃាត់ខ្លួន។

ពាក់ព័ន្ធករណីនេះ ឈ្មោះ លូ គឹមហ្វាត បានប្រាប់សមត្ថកិច្ចថា ចំពោះអាវនគរបាលដែលពាក់នៅលើកៅអីឡានខាងមុខ ជារបស់បងថ្លៃ ដែលបម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ។ រីឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ ជារបស់មិត្ដភក្រ័ខ្លួន ដែលជាមន្ដ្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកយកមកដាក់។ សម្ភារៈទាំងនេះ បងថ្លៃ និងមិត្ដភក្រ័ខ្លួនបានភ្លេច ក្នុងរថយន្ដរបស់ខ្លួន។

សម្ភារៈវត្ថុតាងដែលសមត្ថិកិច្ចដកហូតបានរួមមាន៖ អាវនគរបាលថ្នាក់វរៈសេនីយ៍ត្រី ០១, មួកនគរបាលថ្នាក់ឧត្ដមសេនីយ៍ ០១, រថយន្ដ ០១គ្រឿង ម៉ាកCamry ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 2AH-2263។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង