លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដី ដែលមានសកម្មភាពឈូសឆាយដីព្រៃកោងកាង នៅឃុំស្រែអំបិល

ខេត្តកោះកុង៖ ​លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចាត់ឲ្យ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញចុះ​ពិនិត្យទីតាំងដី ដែលអ្នកភាពសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន រំលោភយកដីសាធារណៈ របស់រដ្ឋ ធ្វើកម្មសិទ្ធិបុគ្គល ដោយខុសច្បាប់មានទីតាំងស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

​បន្ទាប់ពីបានចុះពិនិត្យដល់ទីតាំងដីជាក់ស្តែង និងតាមការបង្ហាញផែនទីគំនូសបង្ហាញទីតាំងដីពី មន្ត្រីជំនាញមន្ទីរបរិស្ថាន បានរកឃើញថា កាលពីមុនដីនៅតំបន់នោះ គឺមានការកាត់ឆ្វៀលដីចេញ​ពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង។ ហើយទីតាំងដីនេះ ស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ប៉ុន្តែបន្ទាប់ពីមានការកាត់​ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយអនុក្រឹត្យលេខ៣០អនក្រ.បក ទីតាំងដីនេះ គឺស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

ក្រោយចុះពិនិត្យទីតាំងខាងលើនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ​២០២១នេះ ​លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក៏បានណែនាំដល់អាជ្ញាធរភូមិ អាជ្ញាធរឃុំស្រែអំបិល និងស្រុកស្រែអំបិល មួយចំនួនរួមមាន៖

១- រដ្ឋបាលស្រុកស្រែអំបិល ត្រូវធ្វើរបាយការណ៍លម្អិតអំពីករណីឈូសឆាយដីព្រៃកោងកាង នៅចំណុចខាងនេះ ដាក់ជូនទៅរដ្ឋបាលខេត្តកោះកុង

២- លោកមេភូមិ និងមេឃុំ ត្រូវចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ ចូលរួមថែរក្សាការពារព្រៃកោងកាង ឱ្យបានគង់វង្ស និងត្រូវរាយការណ៍ទៅរដ្ឋបាលស្រុកស្រែអំបិល ឲ្យបានច្បាស់លាស់៕
ប្រភព៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង

អត្ថបទដែលជាប់ទាក់ទង