រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ ​១សប្តាហ៍​ទៀត

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកយករបៀបវារ:ចំនួន០៣ មកមកពិភាក្សារួមមាន៖ តំបន់បិទខ្ទប់- ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព និងការចែកស្បៀងជូនប្រជាពលរដ្ឋតំបន់បិទខ្ទប់។

​លោក គួច ចំរើន ​បន្តថា រដ្ឋបាលខេត្តបានបង្កើតក្រុមការងាររកសំណាកជា ០៣ក្រុម៖ ក្រុមទី១- យកសំណាកប្រជាពលរដ្ឋនៅតំបន់ក្រហម ពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារ។ ក្រុមទី២- យកសំណាកក្រុមគ្រួសារបងប្អូនអាជីវករ និងក្រុមទី៣- ការយកសំណាកនៅវិមានឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ​។

ជម្រុញការត្រួតពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋ- ភ្ញៀវទេសចរនៅតាមចំណុចគោលដៅព្រំប្រទល់រាជធានី-ខេត្ត។ ការងារចែកជំនួយជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ ដោយស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៣០.០០០កញ្ចប់ មានដូចជា៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹក បរិសុទ្ធ យើងបានចែកជូនប្រជាពលរដ្ឋតំបន់​បិទខ្ទប់បានជិត ៣០.០០០គ្រួសារ ដែលមានក្រុមការងារចំនួន១៦ក្រុម ចុះចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។

ព្រមជាមួយគ្នានេះ លោក គួច ចំរើន ក៏បានធ្វើការណែនាំក្រុមគ្រូពេទ្យត្រូវត្រួតពិនិត្យតាមដាន អ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺជាសះស្បើយ ព្រោះថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានម៉ាស៊ីនតេស្តរកវីរុសកូវីដ-១៩ ពិសេសការតេស្តដោយ Rapid Test ដែលរង់ចាំរយ:ពេលពី ១៥ ទៅ ២០នាទីតែប៉ុណ្ណោះ។

បន្ថែមលើនេះ អង្គប្រជុំក៏បានសម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ០១សប្តាហ៍បន្ថែមទៀត ដោយសារមូលហេតុលទ្ធផល នៃការយកសំណាកពីសមាជិកក្រុមគ្រួសារ របស់ប្រជាពលរដ្ឋលើកទី០២ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមានកូវីដ-១៩​នៅឡើយ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង