រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការអនុវត្តវិធានការ ចំពោះអ្នកធ្វើដំណើរ ចូលមកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការ ចំពោះអ្នកធ្វើដំណើរ ក្នុងប្រទេសចូលមក ភូមិសាស្ត្រខេត្តព្រះសីហនុ។

ដោយយោងសេចក្តីណែនាំលេខ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត។

ទាក់ទិននឹងបញ្ហានេះ រដ្ឋបាលខេត្តបានធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុតាមគ្រប់មធ្យោបាយ (តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ដូចខាងក្រោម៖

១- ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនដែលបានទទួលសិទ្ធិពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ឬ

២- ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន០២លើក ចប់រួចរាល់ ឬ

៣- ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

៤- ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីជូនដំណឹងនេះ ត្រូវអនុវត្តចាប់ពីម៉ោង១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១តទៅ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង