សេចក្តីជូនដំណឹងជាថ្មី របស់រដ្ឋបាលខេត្តព្រះសីហនុ សម្រួលការធ្វើដំណើរ របស់ពលរដ្ឋ ចូលក្នុងខេត្តនេះ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងជាថ្មី សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងស្នើឲ្យចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងថ្មីនេះ បញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ ចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលខេត្តនេះ បានសម្រេចលុបចោលទាំងស្រុង នូវសេចក្តីជូនដំណឹងលេខ៦៥៦/២១ សជណចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

យ៉ាងនេះក្តី រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវអនុវត្តវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ «០៣ការពារ និង០៣កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។

ការប្រកាសលុបចោល សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ជាបន្ទាន់ខាងលើនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជាសំឡេងទៅកាន់អភិបាលរាជធានីខេត្តនានា ឲ្យលុបចោលការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្តនានា ដោយមិនបាច់ធ្វើចត្តាឡីស័ក ១៤ថ្ងៃទេ។ សម្តេច បញ្ជាក់ថា សម្រាបអ្នកត្រូវធ្វើចត្តាឡីស័ក គឺតម្រូវតែអ្នក ដែលសង្ស័យកើតជំងឺកូវីដ-១៩ តែប៉ុណ្ដោះ។

ចំពោះករណីខាងលើនេះ សម្តេច ហ៊ុន សែន បានដាក់បញ្ជាថា អភិបាលខេត្តណា ដែលចេញសេចក្ដីសម្រេចហួសហើយនោះ សូមឲ្យកែសម្រួល នៅសេចក្ដីសម្រេច របស់ខ្លួនវិញជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង