ប្រធានផ្សារដងទង់​ ព្រមទទួលកែសម្រួលរាល់កំហុសឆ្គង​ តាមការកំណត់របស់មន្ត្រីមន្ទីរ​ពាក់ព័ន្ធខេត្តកោះកុង

ខេត្តកោះកុង៖ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ខេត្តកោះកុង ​លោក ទេព វិស្កុល បានឲ្យដឹងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ថា ​លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ បានយល់ព្រមកែ​សម្រួល នូវរាល់កំហុសឆ្គង របស់ខ្លួន ទាក់ទងការយកភាស៊ី ទៅលើអាជីវករលក់ដូរ មានភាពមិនប្រក្រតី របស់ខ្លួន ដែលបានប្រព្រឹត្តិនាពេលកន្លងទៅ ជាមួយអាជីវករលក់ដូរមួយចំនួន នៅក្នុងផ្សារនេះ​។​ ជាងនេះទៀត ក៏បានយល់ព្រមអនុវត្តន៍តាមការកំណត់ របស់មន្ត្រី​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញស្ថាប័ន​ពាក់ព័ន្ធ និងថ្នាក់ដឹកនាំរដ្ឋបាលក្រុងខេមរភូមិន្ទជាដើម។

ការ​ទទួលស្គាល់នូវកំហុសឆ្គង ឬការឯកភាពកែប្រែភាពមិនប្រក្រតី របស់លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ខេត្តកោះកុងនេះ បានកើតឡើង​បន្ទាប់ពីមន្ត្រីថ្នាក់ដឹកនាំមន្ទ្រីសេដ្ឋកិច្ច និងមន្ត្រីមន្ទីរជំនាញ​ពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំ​ស្វែងរកដំណោះស្រាយជុំវិញការចោទប្រកាន់ របស់ក្រុមអាជីវករលក់ដូរក្នុងផ្សារនេះ ចោទថា ត្រូវប្រធានផ្សារនេះ យកភាស៊ីថ្លៃហួសហេតុពេក កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០២១  ដោយមានការចូលរួមពី លោក ម៉ក់ ណុច ប្រធានផ្សារដងទង់​ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង។

សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្រុមអាជីវករលក់ដូរមួយចំនួន នៅក្នុងផ្សារដងទង់ បានដាក់សំណូមពរទៅ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង តាមរយៈអង្គភាពផ្សព្វផ្សាយព័ត៌​មាន​​មួយចំនួន ដើម្បីស្នើឲ្យលោកស្រីអភិបាលខេត្ត ជួយអន្តរាគមន៍ពីភាព​មិនប្រក្រតី ដែលក្រុមអាជីវករមួយចំនួន​ចោទថា ត្រូវលោក ម៉ក់ ណុច ប្រធានផ្សារដងទង់នេះ បានគាបសង្កត់ទារលុយភាស៊ី ពីពួកគាត់ច្រើនហួសហេតុពីពួកគាត់ ទៅតាម​ការ​ចង់បានរបស់ប្រធានផ្សាររូបនេះ​។

ក្រុមអាជីវករ បញ្ជាក់បន្តថា នៅគ្រាពួកគាត់កំពុងមានផលវិបាក ក្នុងការរកប្រកបរបរទទួល​ទានជាប្រចាំថ្ងៃ ដោយទំនិញលក់ទំនិញផ្សេងៗមិនសូវដាច់ ឬគ្មានអតិថិជន​ នៅក្នុងកាលៈទេសៈ ជំងឺកូវីដ​-១៩ កំពុងរាតត្បាតពាសពេញប្រទេស ជាពិសេសនៅក្នុងមូលដ្ឋានខេត្តកោះកុង ក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់មកនោះ ប៉ុន្តែបែរជា ងាកទៅ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់រូបនេះ បន្តប្រើកូនចៅ​ឲ្យ​មកគំរាមទារលុយភាស៊ីច្រើនលើសលុប ​ពីមួយថ្ងៃទៅមួយថ្ងៃទៅវិញ..

​យ៉ាងណាក៏ដោយចុះ លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ខេត្តកោះកុង ​បានព្រមាន​ថា ចំពោះករណីខាងលើនេះ ប្រសិន​បើ​ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ​នៅតែបន្តទទួល​លុយក្រៅផ្លូវការ​ខុសប្រក្រតីទៀត គឺអាជីវករគ្រប់ៗរូប អាចស្នើឲ្យប្រធានផ្សាររូបនេះ ចេញជាវិកយប័ត្របញ្ជាក់ ឲ្យបានត្រឹមត្រូវ ដើម្បីទុកជាភស្តុតាង ​សម្រាប់ដាក់ជូនមកសមត្ថកិច្ចជំនាញ ងាយស្រួល​ចុះអនុវត្តន៍នីតិវិធីច្បាប់​នៅថ្ងៃខាងមុខជាបន្តទៀតទៀត។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចមានប្រភពទាក់ទង លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ដើម្បីបំភ្លឺជុំវិញករណីខាងលើនេះបានទេ នៅថ្ងៃសៅរ៍ ទី​០៨ ខែឧសភា ឆ្នាំ​២០២១៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង