នគរបាលខេត្តព្រះសីហនុ ពិន័យស្រ្តីជនជាតិចិនម្នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីល្ងាច ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅគោលដៅបិទខ្ទប់ម្តុំផ្សារលើ ក្រុងព្រះសីហនុ បានធ្វើការពិន័យអន្តរការណ៍ទៅលើស្រ្តី ជនជាតិចិនម្នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។

សមត្ថកិច្ចបន្តថា ស្ត្រីដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាសមានឈ្មោះ QIU SHA ជាជនជាតិចិន បច្ចុប្បន្នស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»។

ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួន ឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ចំពោះករណីនេះ ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

បន្ថែមលើនេះ រដ្ឋបាលខេត្តក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យមានប្រសិទ្ធ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង