សាធារណជន កំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ទៅលើឈ្មោះ ជាម ជន់ ដែលល្មើសបំរាមបិទខ្ទប់រាជធានី-ខេត្ត ថាតើតុលាការខេត្តកំពង់ចាម នឹងអនុត្តនីតិវិធីបែបណា..?

ខេត្តកំពង់ចាម៖ សាធារណជនទូទៅ និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ កំពុងរង់ចាំមើលចំណាត់ការ របស់សមត្ថកិច្ច នៃស្នងការដ្ឋានដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេស​សាលាដំបូងខេត្តនេះ ថានឹងមានចំណាត់ការបែបណាទៅលើបុគ្គលឈ្មោះ ជាម ជន់ ដែលល្មើសនឹងបំរាមបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ថាតើសាលាដំបូងខេត្តកំពង់ចាម នឹងអនុវត្តនីតិវិធីមានប្រសិទ្ធភាពត្រឹមកំរិតណា?។

ទាក់ទិនបញ្ហានេះ លោកវរសេនីយ៍ទោ ផុន បុប្ផា អធិការរងនគរបាលស្រុកកោះសូទិន ទទួលផែនការងារនគរបាលយុត្តិធម៌ មានប្រសាសន៍ប្រាប់គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅព្រឹកថ្ងៃចន្ទ ទី​១០ ខែឧសភា ឆ្នាំ​២០២១នេះថា ​ជនសង្ស័យឈ្មោះ ជាម ជន គឺបានលួចធ្វើដំណើរចេញពីខេត្តព្រះសីហនុ ចូលមក​ស្រុកកំណើតរបស់ខ្លួន ក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។ ហើយ​ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកកោះសូទិន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតានង់ ចុះឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែឧសភា ក្រោយជនសង្ស័យរូបនេះ បានយកញញួរ​មកវាយបំផ្លាញ​បង្គោលរបងស៊ីម៉ង់ត៍ របស់អ្នកជិតខាង​អស់ចំនួន ១៤បង្គោល ក្នុងអំឡុងពេលជនបង្ករូបនេះ បានលួចធ្វើដំណើរពីខេត្តព្រះសីហនុ វិលមកដល់ផ្ទះកំណើតរបស់ខ្លួន នៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

សមត្ថកិច្ចបន្តថា ពេលធ្វើដំណើរមកដល់ផ្ទះភ្លាម គឺជនសង្ស័យរូបនេះ បានយកញញួរទៅវាយបង្គោលរបងស៊ីម៉ង់ត៍ របស់ឈ្មោះ ហេង ខាលី ជាអ្នករស់នៅភូមិជិតគ្នា បំផ្លាញអស់១៤ដើម ដោយ​ចោទម្ចាស់របងថ្មនោះថា ដាំបង្គោលរបងចូលដីផ្លូវសាធារណៈ នាំឲ្យរូបគេបើកឡានសេរីទំនើបចូលផ្ទះមិនកើត។ ជាងនេះទៀត នៅពេលកម្លាំងសមត្ថកិច្ច ចុះទៅសួរនាំលើករណីវាយបំផ្លាញបង្គោល​របងថ្ម និងករណីធ្វើដំណើរចល័តឆ្លងកាត់ខេត្តល្មើស នឹងបំរាមបិទខ្ពស់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត របស់រាជរដ្ឋាភិបាល ​ ដើម្បីដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ស្របតាមការណែនាំ របស់​ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញ ប៉ុន្តែបុគ្គលរូបនេះ មិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ចតាមសម្រួលទេ ហើយថែមទាំងប្រើពាក្យប្រមាថមិនសមរម្យមកលើកម្លាំងសមត្ថកិច្ចថែមទៀតផង។

លោកវរសេនីយ៍ទោ ផុន បុប្ផា អធិការរងនគរបាលស្រុកកោះសូទិន បញ្ជាក់​បន្តថា ចំពោះសំណុំរឿងឈ្មោះ ជាម ជន់ ដែលលួចធ្វើដំណើរចេញពីខេត្តព្រះសីហនុ ឆ្ពោះមកខេត្តកំពង់ចាម ល្មើសនឹងបំរាមបិទខ្ទប់រាជធានី-ខេត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រូបលោកបានបញ្ជូនសំណុំរឿងទៅកាន់ថ្នាក់លើ ជាពិសេសអយ្យការអមសាលាដំបូងខេត្តកំពង់ចាមស្របតាមនីតិវិធីរួចហើយ ប៉ុន្តែត្រង់ថា ស្ថាប័នអនុវត្តច្បាប់ទាំងនោះ នឹងបន្តនីតិវិធីបែបណា រូបលោកមិនដឹងទេ ព្រោះវាផុតពីដែនសមត្ថកិច្ចរបស់លោកហើយ។

លោកបន្តទៀតថា ក្រោយសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែឧសភា ក៏បានបញ្ជូនឈ្មោះ ជាម ជន់ ទៅមណ្ឌលធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ ប៉ុន្តែក្រោយបញ្ចប់ការធ្វើចត្តាឡីស័កគម្រប់១៤ថ្ងៃ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេសអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នឹងបន្តនីតីវិធីបែបណាទៅលើឈ្មោះ ជាម ជន់ គឺរូបលោកមិនដឹងរឿងនេះទេ។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និង លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីបំភ្លឺលើករណីសំណុំរឿង របស់ជនសង្ស័យឈ្មោះ ជាម ជន់ ដែលល្មើសនឹងបំរាមបិទខ្ទប់ការធ្វើដំណើរឆ្លងរាជធានី-ខេត្ត របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ​កូវីដ-១៩ ជាពិសេសផ្គើននឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយហ៊ានលួចធ្វើដំណើរចល័តពីខេត្តព្រះសីហនុ ឆ្ពោះមកខេត្តកំពង់ចាមយ៉ាងគឃ្លើនខាងលើនេះ នៅឡើយទេ នៅរសៀលថ្ងៃចន្ទ ទី​១០ ខែឧសភា ឆ្នាំ​២០២១នេះ។

ទាក់ទិនឈ្មោះ ជាម ជន់ នេះដែរ ក្នុង​អាណត្តិ លោក យន្ត មីន មកធ្វើជាអភិបាលខេត្តព្រះសីហនុ គឺរដ្ឋបាលខេត្តនេះ បានចាត់ទុកឈ្មោះ ជាម ជន់ ថាបុគ្គលម្នាក់ ស្ថិតក្នុងចំណោមបុគ្គលច្រើននាក់ទៀតរួមមាន៖ ឈ្មោះ ញ៉ក់ គឹមតុង, ឈ្មោះ មឿង ស្រីទូច និងបក្ខពួកដទៃទៀត បានចូលទន្ទ្រានកាន់កាប់ និងលក់-ទិញ ដីសាធារណៈរបស់រដ្ឋ ក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហើយក្នុងចំណោមបុគ្គលខាងលើនេះ ក៏មានបុគ្គលខ្លះ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាតាមចាប់ខ្លួន លើសំណុំរឿងចូលទន្ទ្រានកាន់កាប់ដី​សាធារណៈរបស់រដ្ឋ ក្នុងដែនជម្រកព្រៃឈើឆ្នាំ​២០០២ នៅចំណុចតំបន់ពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ដើម្បីនាំខ្លួនមកផ្តន្ទាទោសផងដែរ។ ប៉ុន្តែជនសង្ស័យមួយចំនួនមានដូចជាឈ្មោះ ញ៉ក់ គឹមតុង ជាដើម គឺមិនទាន់ត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅកាន់តុលាការផ្តន្ទាទោសតាមដីកាបង្គាប់ឲ្យចាប់ខ្លួន នៅឡើយទេគិតមដល់ថ្ងៃចន្ទ ទី​១០ ខែឧសភា ឆ្នាំ​២០២១នេះ

 

អត្ថបទដែលជាប់ទាក់ទង