លោកឧកញ៉ា ទៀ វិចិត្រ៖ ដរាប​ណា​នៅមានជីវិត​លើ​ភពផែនដី​នេះ រូបលោកនឹងនៅតែបន្តធ្វើការងារមនុស្សធម៌ និងអភិរក្សសត្វកម្រ ជារហូត..

ខេត្តព្រះសីហនុ៖ ពិតជាមិនទុកពេលវេលាឲ្យដើរកន្លងហួស ឬទុកពេលវេលាឲ្យទំនេរឥតប្រយោជន៍ដូចពាក្យ ដែលគេនិយាយតៗគ្នាជាបន្តបន្ទាប់មកនោះមែន..?។​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី​១១ ខែឧសភា ឆ្នាំ​២០២១នេះ ​បានបន្តដឹកនាំក្រុមការងារ​នាំយកសម្ភារៈ ឬជំនួយមនុស្សធម៌មួយចំនួន ទៅផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ នូវសម្ភារៈប្រើប្រាស់លើការងារប្រចាំថ្ងៃ សម្រាប់ប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តការសហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។ ​

ជំនួយដែល លោកឧកញ៉ា ទៀ វិចិត្រ ​បាននាំយកទៅឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេលនេះ រួមមាន៖

– ទឹកអាកុល ចំនួន ៣០កាន ស្មើនឹង ៩០០លីត្រ
– របាំងការពារមុខ ចំនួន ២០០របាំង
– ស្រោមដៃពេទ្យ ចំនួន ០៥កេះ ស្មើនឹងប្រអប់ ៥០ប្រអប់
– ដបសំរាប់បាញ់អាកុល ចំនួន ២០ដប។

នាឱកាសនោះ តំណាងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ​ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារ ដែលបានបន្តចូលរួមចែករំលែកសម្ភារៈ ឬជំនួយឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់មកនេះ ជូនដល់មន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់ និងបន្តរហូតមកដល់ពេលនេះទៀត។ តំណាងមន្ត្រីពេទ្យខេត្ត បានចាត់ទុក សកម្មភាពមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានបរិច្ចាកទាំងថវិកា និងសម្ភារៈប្រើប្រាស់ ជាបន្តបន្ទាប់មកនេះ ថាបានឆ្លុះបញ្ចាំង ពីទឹកចិត្តសប្បុរស សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ប្រកបដោយទឹកចិត្តល្អបរិសុទ្ធពិតប្រាកដ។ ជាងនេះទៀត ក៏បានចាត់ទុក ការងារមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ ថាជាការជួយជម្រុញលើទឹកចិត្តដល់​​ក្រុមគ្រូពេទ្យ ឲ្យមានកម្លាំងចិត្ត ​បន្តខិតខំបំពេញ​ភារកិច្ច​ របស់ខ្លួន ដោយមិនគិតការនឿយហត់ និងទទួលបានលទ្ធផលវិជ្ជមាន​កាន់តែល្អប្រសើរថែមទៀត។

បន្ទាប់ពីបានផ្តល់ជំនួយឧបត្ថម្ភរួច ​លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ថិតក្នុងប្រទេសជាតិ កំពុងជួបការលំបាក ឬប្រឈមនឹងការរាតត្បាត នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ មានអត្រាមិនថមថយ ពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺរូបលោក ក្នុងនាមកូនខ្មែរ និងរស់នៅក្រោមដំបូលសន្តិភាព ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអាណាព្យាលបាល ឬជាលោកពុក គឺរូបលោកតែងបាន​ចែក​រំលែកធនធានផ្ទាល់ខ្លួនជាបន្តបន្ទាប់ ទៅតាមការអំពាវនាវ​ជាហូរហែរ ប្រយោជន៍ដើម្បីរួមសហការគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ឲ្យទទួលបានជោគជ័យ។

លោកឧកញ៉ា បន្តថា​ តបតាមការអំពាវ​នាវ របស់សម្តេចប្រមុខដឹកនាំ ទាក់ទិនការងារទប់ស្កាត់ជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នេះ គឺ រូបលោកក្នុងមានកូនខ្មែរមួយរូប គឺមិនអាចនៅសំងំស្ងៀមបាន​ទេ ​ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងរាតត្បាតដោយជំងឺដ៏កាចសាហាវមួយនេះ ពោលគឺដាច់​ខាតត្រូវតែ​ចូលរួមចែករំលែក នូវធនធានតាមដែលអាចធ្វើទៅបាន ទៅតាមដំណាក់កាលៗ ដោយ​ការចូលរួមចែករំលែកទាំងនោះ​រាប់ទាំង ថវិកា , សម្ភារៈបរិក្ខាពេទ្យ, គ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនពលរដ្ឋកំពុងរស់​តំបន់បិទខ្ទប់ ​ក៏ដូចជាការផ្តល់សម្ភារៈប្រើប្រាស់​ផ្សេងៗទៀត ជូនដល់​ស្ថាប័នពាក់ព័ន្ធ ឬមន្ទីរពេទ្យជាដើម ដែល​កំពុងត្រូវការសម្ភារៈទាំងនោះ​ចាំបាច់ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ​នៅក្នុងខេត្តព្រះសីហនុ។

ឆ្លើយតបសំណួរអ្នកយកព័ត៌មាន​ គេហទំព័រ «កម្ពុជាថ្ងៃនេះ» ប្រចាំខេត្តព្រះសីហនុ ដែលសួរថា តើលោកឧកញ៉ា នឹងបន្តធ្វើការងារមនុស្សធ៌ម ​​ក្នុងប៉ុន្មានឆ្នាំខាងមុខទៀត? ​លោកឧកញ៉ា ទៀ វិចិត្រ មិនរារែកយូរក្នុងការឆ្លើយសំណួរនេះទេ ហើយក៏បាន​បែរមុខទៅរកម្ចាស់សំណួរភ្លាមថា ចំពោះការងារមនុស្សធម៌ របស់លោក នឹងនៅតែចូលរួមជាប់ជារហូត នាថ្ងៃអនាគត​ ពោលគឺ ដរាប​ណា​រូបលោក នៅមានជីវិត ឬនៅមានដង្ហើម​រស់នៅលើ​ភពផែនដីយើងនេះ ​រូបលោក នឹងនៅតែបន្តធ្វើទានសប្បុរស ឬផ្តល់ជំនួយឧបត្ថម្ភផ្សេងៗជូនដល់ផ្នែកពាក់ព័ន្ធ ដោយគ្មានការចង្អៀតចង្អលចិត្តនោះទេ។ ជាពិសេស ក៏មិនភ្លេចដែរ លើការងារអភិរក្សសត្វកម្រ នៅកម្ពុជា រួមមានទាំងសត្វកម្រនៅលើដីគោក និងសត្វកម្រនៅក្នុងទឹកសាប ឬទឹកប្រៃបែបណាក្តី..៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង