វ៉ាក់សាំងស៊ីណូវ៉ាក់ ការពារជំងឺកូវីដ-១៩ ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជា

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា ហើយកាលពីព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជា ពេលនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

វ៉ាក់សាំងកូវីដ-១៩ ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាព របស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់ នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជា របស់ប្រទេសចិន។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ-១៩ ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង