សាធារណជនកំពុងរង់ចាំមើលចំណាត់ការ​តុលាការ ទៅលើ​សំណុំរឿងរបស់ពិធីការិនី​ ពេជ្ររីតា ប្តឹង​ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ងរំលោភសេពសន្ថវៈ​​ក្នុងរថយន្ត..

រាជធានីភ្នំពេញ៖ សាធារណជន ក៏ដូចជាក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងទន្ទឹងរង់ចាំមើលចំណាត់ការ របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើ សំណុំរឿង របស់ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ដែលកាលពីថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ បានសម្រេចដាក់ពាក្យបណ្តឹងប្តឹង ឧកញ៉ា ហេង សៀ ពីបទ (ប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត) ថាតើចុងក្រោយនឹងមានលទ្ធផលបែបណា..? ខណៈប្រជាពលរដ្ឋក្រីក្រ និងគ្មានខ្នងបង្អែកភាគច្រើន មិនមានជំនឿទៅលើប្រពន្ធតុលាការកម្ពុជានោះទេ ដោយចោទប្រព័ន្ធតុលាការ មានអំពើពុករលួយ និងកាត់ក្តីលម្អៀង មិនឯករាជ្យជាដើម..។

យ៉ាណាក៏ដោយចុះ នៅក្នុង​ពាក្យបណ្តឹង របស់ កញ្ញា ពេជ្ររីតា ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២១ មានខ្លឹមសារថា ករណីប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាង ផ្តើមដោយ លោកឧកញ៉ា ហេង សៀ ខាងលើនេះ គឺបានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពី ឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅ​ជួប ដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយការរាលដាលជំងឺកូវីដ-១៩ និងហៅឱ្យចូលក្នុងរថយន្ត របស់គាត់ដើម្បីពិភាក្សាការងារមួយចំនួន..។ ​

ខ្លឹមសារនៅក្នុងពាក្យបណ្តឹង​នេះ កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្មផងនោះ បានបញ្ជាក់ថា រូបនាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធ​ហាងកូនស្រី របស់គាត់ ហើយជាបន្តបន្ទាប់ពីពេលនោះមក ឧកញ៉ា ហេង សៀ តែងបានទំនាក់ទំនងជាមួយនាងតាមប្រព័ន្ធ Telegram ។ ហើយថា «​អំឡុងពេលនោះ ឧកញ៉ា ហេង សៀ បានលួងលោម ឱ្យរូបនាង ប្រើលេខដែលរូបគាត់បានទិញឱ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។ តែរូបនាង​ប្រកែកមិនប្រើ តែគាត់និយាយថា គាត់ស្គាល់អ្នកលក់លេខទូរស័ព្ទ គឺសុទ្ធតែកូនចៅគាត់ទេ អាចរក​លេខ​ឱ្យបាន ហើយគាត់ក៏បានទិញចំនួន​៣លេខ ហើយនាងខ្ញុំក៏មិនបានគិតអ្វីអាក្រក់អំពីគាត់ ឬក៏មានការសង្ស័យច្រើនទៅលើគាត់ដែរ ព្រោះគាត់មានវ័យចំណាស់គួរឱ្យគោរព ហើយដែលអាចផ្តល់ឱកាសការងារដល់នាងខ្ញុំពិត ប្រាកដមែន ក៏នាងខ្ញុំយល់ព្រមទទួលលេខនោះពីគាត់ តែមិនបានប្រើប្រាស់ទេ»។

កញ្ញា រីតា បានរៀបរាប់នៅក្នុងពាក្យបណ្តឹងបន្ត​ថា នៅក្នុងការទំនាក់ទំនងនេះ ឧកញ៉ា ហេង សៀ បានផ្ញើលុយឱ្យនាងតាម គណនី ABA ចំនួន៥លើកសរុបប្រមាណជិត១ពាន់ដុល្លារ ប៉ុន្តែនាងអះ​អាងថា ខ្លួនបានបដិសេដមិនទទួលលុយនោះទេ ដោយសំអាងថា មានលុយចាយគ្រប់គ្រាន់ហើយ ប៉ុន្តែឧកញ៉ារូបនោះនៅតែផ្ញើលុយជាបន្តបន្ទាប់ទៀត។ កញ្ញាបានបញ្ជាក់បន្ថែមថា៖ «ក្រោយមកទៀតគាត់ ក៏បានប្រើពាក្យលួងលោមចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនឹងការងារទើបនាងខ្ញុំព្រមជួបគាត់។ គាត់ក៏នៅតែបន្តរំខានរហូតដល់មានការ ផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញដោយខ្លួនឯង ធ្វើឱ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថា គាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ»។

កញ្ញា ពេជ្ររីតា បានបន្តថា រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែលម៉ោង ១៤:០០ ទៅ ១៥:០០ នាទីរសៀល ​ឧកញ៉ា ហេង សៀ បានទូរស័ព្ទមកមកនាង ដោយប្រាប់​ថា ចង់​ជួបនាង ហើយចង់ឱ្យអ៉ីវ៉ាន់មកនាងមួយចំនួន ដើម្បីចែកអំណោយទៅប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារកូវីដ-១៩ គាត់បានឱ្យខ្ញុំចាំនៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យា​ល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំនាងឱ្យចូលក្នុងឡាន។

កញ្ញា ពេជ្ររីតា ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា «គាត់ថាឱ្យចូលឡានសិន មកដោយមានរឿងការងារត្រូវនិយាយគ្នា ក៏ដូចជាចែកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដ ហើយចាំបាច់ត្រូវនិយាយជាមួយនាង ខ្ញុំ ក៏នាងខ្ញុំចូលក្នុងនឹកឃើញថា ពេលយកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដពីគាត់ហើយចេញទៅវិញ ពេល​នៅក្នុងឡានគាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់មកលូកស្ទាបអង្អែលភ្លៅ និង ប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់។ គាត់បាននិយាយថា គាត់ខានរួមភេទយូរហើយ ព្រោះប្រពន្ធមិនឱ្យ គាត់រួមភេទសោះ ចាប់តាំងពីចាក់វ៉ាសាំងការពារកូរឹតមក គាត់មានអារម្មណ៍ចង់រួមភេទខ្លាំងណាស់ ហើយ ចង់យកនាងខ្ញុំទៅផ្ទះសំណាក់។ ពេលនោះនាងខ្ញុំ បានប្រាប់គាត់ថាសូមកុំធ្វើចឹងប្រយ័ត្នខ្ញុំលោតចុះពីលើ​ឡាន សូមជូននាងខ្ញុំទៅផ្ទះវិញទៅ ហើយគាត់បានប្រាប់ថា គាត់មានកាំភ្លើង។ ពេលឮដូច្នេះនាងខ្ញុំមាន អារម្មណ៍ភិតភ័យជាខ្លាំង ស្ទើរតែបាត់បង់ស្មារតី និងស្លន់ស្លោខ្លាំងណាស់ ដោយមិនអាចចេញពីក្នុងឡាន បាននាងខ្ញុំក៏បានរត់មកខាងក្រោយកៅអីឡានផ្នែកខាងក្រោយ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់ គាត់មកចាប់សង្គ្រប់លើរូបនាងខ្ញុំ។ ពេលនោះនាងខ្ញុំមិនដឹងធ្វើយ៉ាងមិច ក៏ខិតខំរើបំរាស់ និងច្រានដៃគាត់ចេញ ហើយពេលនោះដៃនាងខ្ញុំ មិនមានកាន់របស់អ្វីទេ ដៃទទេសុទ្ធ ហើយនាងខ្ញុំបានបើកទ្វារឡានរត់ ចេញពីគាត់ រត់ក៏ត្រលប់ទៅផ្ទះវិញទាំងការភិតភ័យបំផុត។ ប្រសិននាងខ្ញុំ មិនអាចបើកទ្វារឡានចេញបានទេ គាត់នឹងធ្វើការរំលោភសេពសន្ធវៈនៅក្នុងឡាន ឬដឹកនាងខ្ញុំយកទៅផ្ទះសំណាក់តែម្ដង ពីព្រោះនាងខ្ញុំបាន ភ័យតត់ស្លុត ខ្លាចអាចកាត់សម្លាប់ដោយប្រើប្រាស់កាំភ្លើងមិនហ៊ានតដៃ ឬរើបម្រាស់នោះឡើយ​។ ហើយ នាងខ្ញុំមិនហ៊ានប្រាប់ម្តាយឱ្យដឹងរឿងនេះទេ ព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ត»។

កញ្ញា មាន ពេជ្ររីតា មានការភ្ញាក់ផ្អើល ដោយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នគរបាលខណ្ឌទួលគោក បានទៅជួបនាងខ្ញុំនៅផ្ទះ ហើយក៏បាននាំនាង ទៅកាន់អធិការដ្ឋានដោយមិនដឹងមូលហេតុ ព្រមតាំងបានឃុំខ្លួននាង រយៈពេល ០២ថ្ងៃ ទើបបញ្ជូនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទពីបទ «លួចមានស្ថានទម្ងន់ទោស» ដោយនាងអះអាងថា «មិនបានលួចអ្វី របស់​អ្នកណាឡើយ»។

​នៅក្នុងពាក្យបណ្តឹង របស់កញ្ញា មាន ពេជ្ររីតា​ ក៏បានស្នើដល់ លោកព្រះរាជអាជ្ញា សាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាអាណាព្យាបាល របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មេត្តា​ជួយរកយុត្តិធម៌ ឱ្យរូបនាង​ផង។ ត្បិតរូបនាង កំពុងទទួលរងភាពអយុត្តិធម៌ខ្លាំងណាស់។ ហើយថា ចំពោះការចោទថា រូបនាង​បានលួចទូរស័ព្ទ និងបានបង្កឱ្យមានរបួសដល់​ ឧកញ៉ា ហេង សៀ គឺមិនពិតទេ។ ហើយផ្ទុយទៅវិញ អ្វីដែលរូបនាង បានធ្វើគឺរូបនាង​បានរុញដៃរបស់ឧកញ៉ារូបនេះ មិនឱ្យបំពានមកលើរូបរាងកាយនាង​ ដែលជាស្ត្រីទុនខ្សោយ ដើម្បីការពារសុវត្តិភាពរបស់នាង ព្រោះឧកញ៉ា ហេង សៀ មានកាំភ្លើង។ ហើយរូបនាងគ្រាន់តែចង់រំដោះខ្លួនទៅផ្ទះវិញតែប៉ុណ្ណោះ។​ ហើយរូបឧកញ៉ា ហេង សៀ គាត់ ​បានបំភ្លើសការពិតប្រាប់ទៅសមត្ថកិច្ច ដោយរូបគាត់តែងបានធ្វើអំពើអសីលធម៌ ជាមួយនាង​​ជាច្រើនដង ដោយប្តូរនឹងប្រាក់ ហើយបានបង្កាច់បង្អួចកិត្តិយសរបស់នាង នៅចំពោះមុខសមត្ថកិច្ច បន្ថែមពីលើការប៉ុនប៉ង រំលោភមកលើរូបនាង មិនបានសម្រេចថែមទៀត។

កញ្ញា រីតា បញ្ជាក់បន្ថែមក្នុងពាក្យបណ្តឹងដដែលនេះថា រូបនាងសូមទាញនូវចំណាប់អារម្មណ៍ទៅលោកព្រះរាជអាជ្ញា នៅត្រង់នេះថា « រូបនាងជាស្ត្រីទន់ខ្សោយ តើមានមូលហេតុអ្វីដែលរូបនាងហ៊ានលួយយកទូរស័ព្ទ និងបង្ករបួសស្នាមដល់ឧកញ៉ាម្នាក់នៅកណ្តាលទីក្រុង។ ហើយរូបនាង ក៏ជានិស្សិតឆ្នាំទី២ និងជាពិធីការនី និងតារាបង្ហាញម៉ូដមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ មាន​សមត្ថភាពគ្រប់គ្រាន់ ដើម្បីរកប្រាក់មិនសម​បើមក​លួចប្លន់ទូរស័ព្ទមួយគ្រឿងតម្លៃមួយជាងពាន់ដុល្លារនេះទេ។ ក្នុងនោះដែរ ក្នុងនាមគាត់ជាឧកញ៉ាល្បីឈ្មោះម្នាក់ មិនគួរមានគំនិតស្មោគគ្រោកល្មោភតណ្ហា ហើយមូលបង្កាច់ចោទប្រកាន់ មកលើរូបនាង ដែលជាជនរងគ្រោះទៅវិញ»។ ​

ជុំវិញការដាក់ពាក្យបណ្តឹងនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចតទៅ៖

១- ប្តឹងឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់
២- ទាមទារសំណង់ជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ
៣- ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ។

ពាក្យបណ្តឹង របស់កញ្ញា មាន ពេជ្ររីតា ខាងលើនេះ បានកើតឡើងបន្ទាប់ពី រូបនាង បានរងបណ្ដឹងពី លោកឧកញ៉ា ហេង សៀ ដោយចោទប្រកាន់ កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី អាយុ ២០ឆ្នាំ ពីបទ « លួចមានស្ថានទម្ងន់ទោស » ( លួចទូរស័ព្ទដៃដោយប្រើហិង្សាចាក់២កាំបិត ចំពោះឧកញ៉ា ហេង សៀ ឱ្យរងរបួស) កាលពីថ្ងៃ០៤ ខែឧសភា ឆ្នាំ​២០២១។ ក្រោយការចោទប្រកាន់ជនសង្ស័យ​ត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាម​នីតិវិធី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចមានប្រភពទាក់ទង លោកឧកញ៉ា ហេង សៀ ដើម្បីបំភ្លឺជុំវិញសំណុំរឿងខាងលើនេះ នៅឡើយទេ នៅថ្ងៃពុធ ទី​១២ ខែឧសភា ឆ្នាំ​២០២១នេះ៕​

អត្ថបទដែលជាប់ទាក់ទង