ក្រសួងយុត្តិធម៌ កំពុងតាមដានសំណុំរឿង រវាងឧកញ៉ា ហេង សៀ និងកញ្ញា ពេជ្ររីតា ដោយយកចិត្តទុកដាក់

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបង្ហាញការចាប់អារម្មណ៍ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានសរសេរសារថា នៅថ្ងៃនេះ មានការចុះផ្សាយ និងចែករំលែកព័ត៌មានជាច្រើនជុំវិញករណីទំនាស់ រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ។ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈ លើរូបនាង។

ក្រសួងយុត្តិធម៌ បានតាមដានដោយយកចិត្តទុកដាក់ ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិត នៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។

ក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា រហូតមកដល់ម៉ោងនេះ សាធារណជន ទទួលបានតែព៌ត័មានមួយចំនួន និងភស្តុតាងខ្ លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា។ ដូចនេះ ដើម្បីកំណត់ភាគីណាខុសដែលត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវ ឲ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដក្នុងសំណុំរឿងទាំងពីរនេះ។

ក្រសួងយុត្តិធម៌ នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះ និងសូមអំពាវនាវបងប្អូនសាធារណៈជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះ ជូនទៅស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធី របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង