ដីកាបង្គាប់ឱ្យដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២១ ទៅតាមការស្នើសុំ របស់ក្រុមមេធាវីស័្មគ្រចិត្ត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំដោយ លោក គី តិច។

ដីកាបង្គាប់ មានចុះហត្ថលេខា លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ ចុះថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ បានបង្គាប់មកលោកប្រធានមណ្ឌលអប់រំកែប្រែ​ទី២ «ម២» ឲ្យដោះលែងឈ្មោះ មានពេជ្ររីតា ហៅ យូប៊ី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មុខរបរ និស្សិត ទីកន្លែងកំណើតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឪពុកឈ្មោះ ហេង សេរីម៉េង «រស់» ម្តាយឈ្មោះ ម៉េង ច័ន្ទនិមល «រស់» នៅលីវ ជានីតិជន ទោសពីមុនគ្មាន ដែលត្រូវបានចោទប្រកាន់ពីបទ ៖ លួចមានស្ថានទម្ងន់ទោស ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ជត្តិមាត្រ ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ជាបន្ទាន់ បើជននេះមិនជាប់ពាក់ព័ន្ធនឹងដីកាឃុំខ្លួន នៃបទល្មើសផ្សេងទៀតទេនោះ។

យ៉ាងនេះក្តី នៅក្នុងដីកាសម្រេចខាងលើនេះ លោក កូយ សៅ បានសម្រេច​ដាក់​ កញ្ញា មាន ពេជ្ររីតា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងត្រូវគោរពនូវកាតព្វកិច្ចមួយចំនួនរួមមាន៖ ឱ្យជនត្រូវចោទ ត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការគ្រប់ពេលវេលា- ហាមមិនឱ្យជនត្រូវចោទផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ និងហាមមិនឱ្យជនត្រូវចោទចេញក្រៅប្រទេស។

ដីកាបង្គាប់នេះ ក៏បានព្រមានថា ក្នុងករណីជនត្រូវចោទគេចវេះ ដោយចេតនាមិនអនុវត្តតាមចំណុចណាមួយខាងលើនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ តាមមាត្រា​១៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ហើយថា ​ដីកាសម្រេចនេះមានប្រសិទ្ធភាពរអនុវត្តភ្លាមៗ។

​កញ្ញា មាន ពេជ្ររីតា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ «លួចមានស្ថានភាពទម្ងន់ទោស» ដែលមានដើមបណ្តឹង គឺ​ឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

​ទន្ទឹមគ្នាតុលាការសម្រេចឃុំខ្លួននេះ គឺ កញ្ញា មាន ពេជ្ររីតា ​ក៏បានសម្រេចដាក់ពាក្យប្តឹង ប្តឹង ឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត» ដើម្បីជាការប្តឹងបកផងដែរ។

​កញ្ញា មាន ពេជ្ររីតា បានរៀបរាប់ក្នុងពាក្យបណ្តឹង​ថា រូបនាង ត្រូវបាន ឧកញ៉ា ហេង សៀ «ប៉ុនប៉ងរំលោភសេពសន្ថវៈ​ក្នុងរថយន្ត» កាលពី​រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហើយថា ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទ ឱ្យនាងទៅជួប ដើម្បីផ្តល់​អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយសារជំងឺកូវីដ-១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ ប៉ុន្តែត្រូវឧកញ៉ា​រូបនេះ សង្គ្រប់បៀតបៀនកេរ្តិ៍ខ្មាស ប៉ុនប៉ងរំលោភសេពសន្ធវៈរូបនាងនៅក្នុងរថយន្តរបស់គាត់តែម្តង មុនរូបនាងរើបំរាស់ចុះចេញពីរថយន្តរួច។

​​ពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា គឺបានប្តឹងឧកញ៉ា ហេង សៀ ដើម្បី​ទាមទារសំណងមួយចំនួន​រួមមាន៖ – ប្តឹងឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់- ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារអាមេរិក និង ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារអាមេរិក៕

 

 

 

អត្ថបទដែលជាប់ទាក់ទង