រដ្ឋបាលេខេត្តព្រះសីហនុ បន្តការបិទខ្ទប់តំបន់ក្រហម១៤ថ្ងៃទៀត តែបន្ថយ​កម្រិត​នៃការបិទខ្ទប់​

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ​ទី១៣ ខែឧសភាឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត គណ:បញ្ជាការឯកភាពរដ្ឋបាល​ខេត្តព្រះសីហនុ ដើម្បីពិភាក្សាវាយតម្លៃលើការងារបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងការត្រៀមអនុវត្តវិធានការបន្ត ដោយមាន​មន្ត្រីស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ជាច្រើនរូបបានចូលរួម។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ ​ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការបំពេញតួនាទី ភារកិច្ចក្នុងការបិទខ្ទប់តំបន់ក្រហម នាពេលកន្លងមក ទទួលបានលទ្ធផលផ្លែផ្កា រហូតជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះ បានសម្រេច៖

ទី១- បន្តការបិទខ្ទប់បន្តទៅទៀត រយៈពេល១៤ថ្ងៃ តែបន្ថយនូវកម្រិត នៃការបិទខ្ទប់ដោយមិនមានតំបន់ក្រហម បន្តទៀតទេ ដោយហេតុថា ក្នុងរយៈពេលជា២០ថ្ងៃកន្លងមកនេះ ចាប់ពីការបិទខ្ទប់លើកដំបូង និងការបន្តបិទខ្ទប់លើកទី២ ក្នុងរយៈពេល ៧ថ្ងៃទៀតនេះ គឺក្រុមការងារបានប្រមូលយកសំណាកនៅក្នុងតំបន់ក្រហម នឹងបញ្ចប់ទាំងស្រុងនៅក្នុងថ្ងៃនេះ។ ចំណុចនេះអាចបញ្ជាក់ថា ក្រុមការងារខេត្ត បានប្រមូលអ្នកវិជ្ជមានទាំងអស់មកទទួលការព្យាបាល ហើយអ្វីដែលជាតំបន់តទៀត ត្រូវបានដកចេញ ប៉ុន្តែទីតាំងផ្ទះ និងទីសំណាក់មួយចំនួន ដែលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ គឺនៅជាទីតាំងក្រហមនៅឡើយ ដោយក្រុមការងារខេត្ត បានចុះបិទឃ្លុំ​ ដើម្បីកុំឱ្យមានការប៉ះពាល់ជាមួយទីតាំងផ្សេងទៀត។ ជាងនេះទៀត ដើម្បីកុំឱ្យប៉ះពាល់នឹងជីវភាព និងសិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ គឺបានកាត់បន្ថយពីតំបន់ក្រហម ឱ្យទៅនៅរួមតូចជាទីតាំងក្រហម គឺផ្ទះឬទីសំណាក់ ដែលមានអ្នកវិជ្ជមាន នឹងបន្តការគ្រប់គ្រងបន្តទៀត។

ទី២- ការកំណត់តំបន់លឿងទុំ រយៈពេល១៤ថ្ងៃទៀត តែបានបង្រួមឱ្យនៅតូច ដោយសារនៅមានអ្នកឆ្លង និងអ្នកប៉ះពាល់ផ្ទាល់មួយចំនួន ដែលមិនទាន់ចេញរោគសញ្ញា។

ទី៣- កំណត់តំបន់លឿង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបាន ប៉ុន្តែគឺមានការហាមប្រាមមួយចំនួន ដូចជាការប្រមូលផ្តុំ ការធ្វើពិធីផ្សេងៗ សកម្មភាពកីឡាជាក្រុម និងបន្តបិទបំរាមគោចរនៅពេលយប់។

ទី៤- ការគំរាមកំហែងធ្ងន់ធ្ងរនៅក្រុងព្រះសីហនុរបស់យើងនេះ គឺផ្តើមចេញពីទីផ្សារដែលមានការលក់ដូរប្រមូលផ្តុំគឺជាកន្លែងដែលមានការចម្លងខ្លាំង ចម្លងលឿន និងចម្លងច្រើន ដូច្នេះយើងសម្រេចមិនអនុញ្ញាតឱ្យបើកផ្សារទាំងអស់ឡើងវិញទេ ប៉ុន្តែយើងលើកទឹកចិត្តឱ្យបងប្អូនអាជីវករដែលបានត្រួតពិនិត្យសុខភាពទទួលលទ្ធផលអវិជ្ជមានពីរដងរួចហើយ បងប្អូនអាចលក់ដូរនៅតាមផ្ទះបានដោយ​​គោរពទៅតាមស្តង់ដារផ្សារ បណ្តោះអាសន្នដែលរដ្ឋបាលខេត្តបានកំណត់(ពាក់ម៉ាស, គម្លាតសុវត្ថិភាព រវាងអ្នកលក់ និងអ្នកទិញ, លើកទឹកចិត្តឱ្យទូទាត់ថ្លៃទំនិញតាមប្រព័ន្ធធនាគារ (QRCODE) ​ករណីទូទាត់ប្រាក់សុទ្ធគឺមិនអនុញ្ញាតឱ្យប្រគល់ទទួលដោយផ្ទាល់នោះឡើយ, ដាក់តារាងតម្លៃ។ល។)។

ទី៥- នៅតាមព្រំប្រទល់តំបន់លឿងគឺយើងបានដាក់ប៉ុស្តិប្រចាំការនៅតាមគោលដៅនីមួយៗ សម្រាប់ការត្រួតពិនិត្យការធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋដើម្បីឱ្យគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាលដែលបានធ្វើការណែនាំ រីឯអ្នកធ្វើដំណើរដោយរថយន្តឯកជនអាចជិៈបានត្រឹម៤នាក់ រថយន្តសាធារណៈត្រូវកាត់បន្ថយនៅត្រឹមពាក់កណ្តាល ត្រូវមានម៉ាស និងគម្លាតសុវត្ថិភាព​ឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះ លោក គួច ចំរើន ភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់មកកាន់ក្រុងព្រះសីហនុ ត្រូវគោរពឱ្យបាននូវវិធានការសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ចៀសផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការណែនាំ របស់កងកម្លាំងប្រដាប់ប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចនៅតាមគោលដៅនៅក្នុងមូលដ្ឋាន ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរមកពីខាងក្រៅបើមានបញ្ហាសុខភាពមិនប្រក្រតីសូមប្រញាប់ទៅយកសំណាកនៅវេទិកា ៧មករា ដែលមានទីតាំងស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលរដ្ឋបាលខេត្តបានរៀបចំទទួលប្រជាពលរដ្ឋមកយកសំណាកគ្រប់ពេលម៉ោងធ្វើការទាំងថ្ងៃឈប់សម្រាក៕

អត្ថបទដែលជាប់ទាក់ទង