លោក គិត ធាង ដែលជាប់ចោទលើសំណុំរឿង ឧក្រិដ្ឋកម្មគ្រឿងញៀនជិត៥០គីឡូក្រាម ត្រូវតុលាការដោះលែងស្ងាត់ៗ..

រាជធានីភ្នំពេញ៖ ប្រភពបានឲ្យដឹងថា សាលាឧទ្ធរណ៍បានសម្រេចដោះលែង លោក គិត ធាង ថៅកែក្លិបកម្សាន្តរ៉ក ដែលជាប់ចោទក្នុងសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀនជិត ៥០គីឡូក្រាម កាលពីឆ្នាំ២០១៩នោះ ពេលនេះ ត្រូវបានដោះលែង ឲ្យមានសេរីភាពស្ងាត់ៗវិញហើយ កាលពីដើមសប្តាហ៍នេះ។

លោក គិត ធាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ចោទពីបទចាត់ចែងសម្របសម្រួល ឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធករណីគ្រឿងញៀនជិត ៥០ (៤៩,៤៤)គីឡូក្រាម នៅក្នុងក្លិបកម្សាន្តរ៉ក ដែលជាកម្មសិទ្ធិរបស់ខ្លួន។

យ៉ាងនេះក្តី ប្រភពបញ្ជាក់ថា ឈ្មួញគ្រឿងញៀនរូបនេះ ត្រូវបានសាលាឧទ្ទរណ៍ សម្រេចដោះលែង ឲ្យមានសេរីភាពវិញហើយ ក្នុងប៉ុន្មានថ្ងៃមុននេះ..។ ប្រភពបន្តថា ការដោះលែងឈ្មួញគ្រឿងញៀន ឈ្មោះ គិត ធាង ខាងលើនេះ គឺ​សាលាឧទ្ធរណ៍ បានកាត់ទោសតម្រឹម​ដោយតម្រូវឲ្យ លោក គិត ធាង អនុវត្តទោសរយៈពេលតែ ០២ឆ្នាំ នៅក្នុងពន្ធនាគារតែប៉ុណ្ណោះ។ ចំណែកទោសនៅសល់ទាំងប៉ុន្មាន ត្រូវព្យួរទោស..។

ប្រភពបន្តទៀតថា ចំពោះជនជាប់ចោទប្រមាណជិត ៣០នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងគ្រឿងញៀន ជាមួយលោក គិត ធាង ដូចគ្នាដែរនោះ គឺមិនត្រូវបានតុលារ ដោះលែងឲ្យនៅក្រៅឃុំដូចគ្នា លោក គិត ធាង នោះទេ។

យ៉ាងណាក៏ដោយចុះ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចមានប្រភពទាក់ទង លោក ជូ ប៊ុនរីន អ្នកនាំពាក្យសាលាឧទ្ធរណ៍ ដើម្បីបំភ្លឺលើករណី ដោះលែង លោក គិត ធាង ខាងលើនេះ បានទេនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។ ខណៈ មេធាវីការពារក្ដី លោក គិត ធាង ក៏មិនទាន់អាចស្នើសុំធ្វើអត្ថាធិប្បាយបាននៅឡើយដែរ។

សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន លោក គិត ធាង ថៅកែមជ្ឈមណ្ឌលរ៉ក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ ហើយក្រោយមក គឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចផ្ដន្ទាទោសឲ្យ លោក គិត ធាង ជាប់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ចោទពីបទចាត់ចែង សម្របសម្រួល ឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធករណីគ្រឿងញៀនជិត ៥០ (៤៩,៤៤)គីឡូក្រាម ក្នុងអំឡុងពេល សមត្ថកិច្ច បានឆ្មក់ចូលបង្ក្រាប នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ​ស្ថិតក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង