សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីប្លន់ជនជាតិចិនដូចគ្នា

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ចំនួន ០៣នាក់ ពាក់ព័ន្ធករណីប្លន់ជនជាតិចិនដូចគ្នា នៅម្តុំផ្លូវសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ឈ្មោះ ZHANG DONG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(មិនយកជាប់ខ្លួន) ជាខ្មាន់កាំភ្លើង។ ឈ្មោះ YUE XIAO BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន)។ ឈ្មោះ YANG TIANYIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(មិនយកជាប់ខ្លួន)។

ដោយឡែកជនរងគ្រោះ គឺជាបុគ្គលិករបស់ កាស៊ីណូ ជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងយុទ្ធនសការនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖
– កាំភ្លើងខ្លី ០១ដើម ម៉ាកK59 មានលេខសម្គាល់7777 បង់កាំភ្លើង ០១ មាន ០៤គ្រាប់ (ប្រភេទ 9mm ច្នៃក្បាលគ្រាប់)
– សំបកកាទុស ០៥គ្រាប់។

សមត្ថកិច្ច បានបន្ថែមថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋពីករណី ជនជាតិចិនភ្ជង់ប្លន់ជនជាតិចិនដូចគ្នា និងមានផ្ទុះអាវុធផងដែរនោះ សមត្ថកិច្ច ក៏បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ប៉ុន្តែជនសង្ស័យ បានគេចខ្លួនបាត់អស់។ ហើយកម្លាំងសមត្ថកិច្ច ក៏បន្តការស្រាវជ្រាវ រហូតដល់ចំណុចចំណោតតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះជនសង្ស័យ ដែលជាខ្មាន់កាំភ្លើង។ ហើយភ្លាមៗនោះសមត្ថកិច្ច ក៏បានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យ បានដកកាំភ្លើងបាញ់មកលើសមត្ថកិច្ចចំនួន ០២គ្រាប់ តែមិនត្រូវសមត្ថកិច្ចទេ បន្ទាប់មកជនសង្ស័យបន្តរត់គេចខ្លួនទៀត តែទោះបីជាយ៉ាងណា ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានដ៏ដែល។

បច្ចុប្បន្ន ជនសង្ស័យ ទាំង០៣នាក់ ត្រូវបានមន្ត្រីនគរបាល កំពុងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង