អ៊ីស្រាអែល និងប៉ាឡេស្ទីន បើកការវាយប្រហារគ្នានៅតំបន់ហ្គាហ្សា ឈានចូលសប្តាហ៍ទី២

បរទេស៖ ប្រភពព័ត៌មានពីកាសែត Reuter បានចុះផ្សាយ កាលពីថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសរាប់សិបលើក ទៅលើតំបន់ហ្គាហ្សា ហើយក្រុមសកម្មប្រយុទ្ធហាម៉ាស បានបន្តវាយប្រហារដោយគ្រាប់រ៉ុក្កែត របស់ខ្លួន ទៅលើទីក្រុងនានា របស់អ៊ីស្រាអែលក្នុងការប្រយុទ្ធដែលបានផ្ទុះឡើងឈានដល់សប្តាហ៍ទី០២។

ខណៈដែលការអំពាវនាវជាអន្តរជាតិ ឲ្យមានបទឈប់បាញ់ មិនមានការបង្ហាញសញ្ញាណាមួយ នៃការបញ្ចប់ នូវការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាស ដែលកាន់អំណាចនៅតំបន់ហ្គាហ្សាប៉ុន្មានឆ្នាំនោះទេ។

សាក្សីបាននិយាយថា ផ្លូវថ្នល់​ អគារសន្តិសុខ ជំរុំបណ្តុះបណ្តាល និងផ្ទះរបស់ពួកសកម្មប្រយុទ្ធ ត្រូវបានទំលាក់គ្រាប់បែកដោយការវាយប្រហារ របស់អ៊ីស្រាអែល ដែលហាក់ដូចជាផ្តោតលើទីក្រុងហ្គាហ្សា។ សំឡេងផ្ទុះ បានបន្លឺឡើងនៅផ្នែកជាច្រើននៃតំបន់ជុំវិញដែនដីប៉ាឡេស្ទីនពេលយប់។

យោធាអ៊ីស្រាអែល បាននិយាយថា យន្ដហោះចម្បាំងបានវាយប្រហារ “គោលដៅភេរវកម្ម” បន្ទាប់ពីការបាញ់គ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សា ដាក់ទីក្រុង Beersheba និង Ashkelon របស់អ៊ីស្រាអែល នៅពាក់កណ្តាលអធ្រាត្រ។

ប៉ុន្តែមិនមានរបាយការណ៍បន្ទាន់ណាមួយ ដែលរាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួសនៅព្រំដែនទំាងសងខាងនោះទេ។

ពិភពលោកមានការព្រួយបារម្ភកាន់តែខ្លំាង បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ដែលបានបំផ្លាញផ្ទះជាច្រើនកាលពីថ្ងៃអាទិត្យ។ ហើយមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារនោះ បានសម្លាប់មនុស្ស ៤២នាក់ ដោយក្នុងនោះមានកុមារ ១០ នាក់ និងការវាយប្រហារមិនស្រាកស្រានដោយគ្រាប់រ៉ុក្កែត​ ទៅលើទីក្រុងនានារបស់អ៊ីស្រាអែល។

បន្ថែមទៅលើការអំពាវនាវ របស់ទីក្រុងវ៉ាស៊ីងតោន ឱ្យមានភាពស្ងប់ស្ងាត់នោះ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “រាល់ភាគីទាំងអស់ ត្រូវកាត់បន្ថយភាពតានតឹង  ហើយអំពើហិង្សា ត្រូវតែបញ្ចប់ជាបន្ទាន់” បន្ទាប់ពីលោកបានពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប ពីអំពើហិង្សា ដែលកំពុងកើតមាននៅអ៊ីស្រាអែល ហ្គាហ្សា និង កាន់កាប់តំបន់ West Bank៕ ប្រភព៖ Reuter

អត្ថបទដែលជាប់ទាក់ទង