រំលោភសម្លាប់នារីវ័យក្មេងម្នាក់ រួចយកសពទៅបោះចោលក្នុងត្រពាំង នា​ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​៖ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំង​ ចុះចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសម្លាប់នារីវ័យក្មេងម្នាក់ រួចហើយយកសពស្ត្រីរងគ្រោះ ទៅបោះចូលក្នុងត្រពាំង។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ​បញ្ជាក់ថា ហេតុការណ៍ខាងលើនេះ គឺសមត្ថកិច្ចបានទទួលព័ត៌មានពី​ប្រជាពលរដ្ឋរាយការណ៍មក បានប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តមានជ័យ ក៏បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតា ស្ត្រីរងគ្រោះ និងបានស្គាល់ឈ្មោះ ងួយ សុណី អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មុខរបរកសិករ។

តាមការបំភ្លឺពីអាណាព្យាបាលស្ត្រីរងគ្រោះ គឺកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២,០០ នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះទុំព្រីងនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនស្រី ត្រឡប់មកផ្ទះវិញទេ ទើបពួកគាត់ ក៏បានទៅជម្រាបប្រាប់មេភូមិ និងអ្នកជិតខាងឲ្យជួយរក រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៤០នាទី ទើបប្រទះឃើញសពដេកស្លាប់បាត់ទៅហើយ។

បន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចបានកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿម សារី (ហៅស៊្រី) អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា។

ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន​ចាប់រំលោភ និងសម្លាប់ស្ត្រីរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោល ក្នុងត្រពាំងដែលមានព្រៃស្តុក។ រីឯកង់របស់ស្ត្រីរងគ្រោះ បានយកទៅទំលាក់ចូលក្នុងអូរចម្ងាយ ពីកន្លែងកើតហេតុប្រហែល ២០០ម៉ែត្រ។

បច្ចុប្នន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង