អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី១៨ ឧសភា មាន២.៦៩៨នាក់

ខេត្ដព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្ដព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ចម្រុះជាតិសាសន៍ ដែលឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សរុបមានចំនួន ២.៦៩៨នាក់ (ស្រី ១.៥០៦), ព្យាបាលជាសះស្បើយចំនួន ១.៨១៤នាក់ (ស្រី ១.១០៥) និងស្លាប់ចំនួន១២នាក់ សុទ្ធតែជនជាតិខ្មែរទាំងអស់ (ស្រី ០៦)។
អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា ចំពោះលទ្ធផលប្រតិបត្តិការលើ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គឺអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងទីតាំងផ្សេងទៀតក្នុងក្រុងនេះ សរុបមានចំនួន ៨៧២នាក់ (ស្រី ៣៩៥)។

ដោយឡែក ចំពោះប្រតិបត្តិការយកសំណាក គឺទី១- សំណាក សម្រាប់ PCR TEST សរុបមានចំនួន ១០.៣០៧នាក់ (ស្រី ៥.១១០) និងទី២- សំណាក សម្រាប់ RAPID TEST សរុបចំនួន ៣៥.៦២៨នាក់ (ស្រី ១៦.៦៦៩)។
លោក ឃាង ភារម្យ បន្តទៀតថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញ គឺការចាក់លើកទី១ សរុបមានចំនួន ៣០.៣៥២នាក់ (ស្រី ៩.៩៤៩) និងចាក់លើកទី២ មានចំនួន ២១.៥១១នាក់ (ស្រី ៧.៣៥៨)។
មន្ត្រីនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា ជាបន្តបន្ទាប់មកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញវិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមមាន៖

– បិទផ្អាកអាជីវកម្មថ្មីជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចក្តាឡីស័ក សរុបមានចំនួន ១៣២ទីតាំង

– ចេញសេចក្តីជូនដំណឹងបង្ហាញអំពីអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីៗ ជូនសាធារណជន ឱ្យប្រុងប្រយ័ត្ន

– បន្តស្រាវជ្រាវ និងអំពាវនាវដល់អ្នក ដែលមានការពាក់ព័ន្ធ ឲ្យស្ម័គ្រចិត្តទៅយកវត្ថុសំណាក និងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ព្រមជាមួយគ្នានេះ រដ្ឋបាលខេត្ដព្រះសីហនុ ក៏នៅតែបន្ដអនុវត្ដវិធានការរដ្ឋបាល ចំពោះទីតាំងមួយចំនួន នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ជាពិសេសនៅក្នុងក្រុងព្រះសីហនុ ដែលបន្តមានអ្នកឆ្លងជំងឺកូវីដ-១៩។ ជាងនេះទៀត ក៏បានបន្ដបិទផ្អាកផ្សារលក់ដូរទាំងអស់ នៅក្នុងក្រុងព្រះសីហនុ ដើម្បីតាមដានការរាតត្បាតជំងឺនេះ ឈានទៅកាត់ផ្ដាច់ឫសគល់ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យបានជាស្ថាព័រ ដើម្បីធានាសុវត្ថិភាពសុខមាលភាពជូនប្រជាជន និងមាតុភូមិកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងពេលឆាប់ៗនេះ។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែឧសភានេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៤៥នាក់, ជាសះស្បើយ ១៣៣៧នាក់ និងស្លាប់ ០២នាក់។ ក្នុងនោះ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ៣៤៤នាក់ និងអ្នកដំណើរពីបរទេស ចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ២២៨៨៩នាក់, អ្នកជាសះស្បើយ ១៤៣៤៣នាក់ និងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ សរុបមានចំនួន ១៥៦នាក់៕

អត្ថបទដែលជាប់ទាក់ទង