មនុស្សចំនួន១១នាក់បានស្លាប់នៅស្រុកល្វាឯម សង្ស័យពុលស្រាស ក្រោយលួចផឹកកំដរបុណ្យសព

ខេត្តកណ្ដាល៖ សមត្ថកិច្ចខេត្តកណ្តាល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ​ មនុស្សចំនួន ១១នាក់ បានស្លាប់ជាបន្ដបន្ទាប់ ដោយសង្ស័យពុលស្រាស ក្រោយពួកគាត់ បានប្រមូលផ្តុំគ្នាលួចផឹកស្រាស ដើម្បីកំដរពិធីបុណ្យសព ញាតិជិតខាង ស្ថិតនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល​ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

អភិបាលស្រុកល្វាឯម លោក កន សុកកាយ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា មានប្រជាពលរដ្ឋ​ប្រមាណ ២០នាក់ បានលួចទៅទិញស្រាសពីតូបលក់ចាប់ហួយ និង​តៀមស្រាមួយចំនួន ក្នុងមូលដ្ឋាននេះ ដើម្បីយកទៅផឹកនៅក្នុងពិធីបុណ្យសព ​ទោះបីជាអាជ្ញាធរបានដាក់បំរាមឲ្យផ្អាការជួបជុំ ឬផ្អាកមិនឲ្យលក់ស្រាជាបណ្តោះអាសន្នបែបណាក្ដី។

លោកន្តថា ករណី​ខាងលើនេះ​ អាជ្ញាធរ ក៏បានចុះទៅប្រមូលស្រាស នៅតូបលក់ដូរប្រមាណ ២០កន្លែង ក្នុងមូលដ្ឋាននេះ ដើម្បីយកទៅពិនិត្យ ហើយមន្ត្រីជំនាញកាំកុងត្រូល បានអះអាង​បឋមថា រកឃើញជាតិមេតាណុលលើសកម្រិត មាននៅក្នុងស្រាស ទើបដាក់ការសង្ស័យថា អាចបណ្តាលមកពីសារធាតុមេតាណុលលើកម្រិតនេះហើយ ដែលបណ្តាលឲ្យមនុស្សពុលស្លាប់។ ប៉ុន្តែលទ្ធផលជាក់ច្បាស់យ៉ាងណានោះ ត្រូវរង់ចាំលទ្ធផលច្បាស់​លាស់ចេញដោយមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញសិន។

ដោយឡែក ចំពោះម្ចាស់តូបលួចលក់ស្រាសទាំងអស់ ត្រូវសមត្ថកិច្ច នាំយកមកធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់លក់ស្រា នៅក្នុងអំឡុងពេលវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩​ ដោយសមត្ថកិច្ចបានព្រមានទៅម្ចាស់តូបលក់ស្រាសទាំងនោះថា ប្រសិនហ៊ាននៅបន្តលួចលក់ទៀត នឹងត្រូវទទួលការផ្តន្ទាទោស។ ជាងនេះទៀត ចំពោះរាល់ទីតាំងផលិតស្រាសទាំងអស់ ក៏ត្រូវសមត្ថកិច្ចចុះពិនិត្យ និងណែនាំ ​ឲ្យផ្អាកសកម្មភាពជាបណ្ដោះអាសន្ន​។

អភិបាលស្រុកល្វាឯម លោក កន សុកកាយ បញ្ជាក់ថា ​អ្នកស្លាប់ភាគច្រើនមានអាយុជាង ៥០ឆ្នាំ​ ហើយ​ភាគច្រើនជាអ្នកនេសាទនិងជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹក និងលួចលក់​ស្ងាត់ៗ ​ដោយមិនគោរពតាមការណែនាំ របស់អាជ្ញាធរ​ស្ដីពីការផ្អាកលក់ស្រា ឬផ្អាកផឹកស្រាជាបណ្តោះអាសន្ននោះទេ។

លោក​អភិបាល​បន្ថែមថា ក្រោយមានមនុស្សស្លាប់ជាបន្តបន្ទាប់រួចមក ក៏ឃើញមានមន្ត្រីសុខាភិបាល ​បានចុះមកយកសំណាកទៅពិនិត្យភ្លាមៗផងដែរ ដោយបារម្ភខ្លាចមានជាប់ពាក់ព័ន្ធជាមួយ មេរោគកូវីដ-១៩ ប៉ុន្តែជាលទ្ធផលគឺ​អវិជ្ជមានទាំងអស់។ បន្ថែមលើនេះ លោក កន សុកកាយ ក៏បានចាត់ចែងរៀបចំប៉ុស្តិ៍សុខភាពមួយ នៅក្នុង​ភូមិកើតហេតុខាងលើតែម្ដង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកពាក់ព័ន្ធ បានផឹកស្រាសកន្លងមក ត្រូវប្រញាប់ទៅពិនិត្យសុខភាពឲ្យបានឆាប់ ដើម្បីចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត៕

អត្ថបទដែលជាប់ទាក់ទង