មុននេះបន្តិច​​ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រពេទ្យទៅដឹកជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលត្រូវភ្លើង​ឆេះ​របួសធ្ងន់​នៅលើ​កោះរ៉ុង ​មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងកោះរ៉ុង បានឲ្យដឹង នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា ​មានជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលជាប្រជាពលរដ្ឋរស់នៅ​សង្កាត់កោះរ៉ុង ត្រូវភ្លើងឆាបឆេះរលាកពេញខ្លួន​រងរបួសធ្ងន់ ហើយខ្វះមធ្យោបាយដឹកជញ្ជូនមកសង្គ្រោះ​​អាយុជីវិត នៅមន្ទីរពេទ្យ​​លើដីគោក នាក្រុងព្រះសីហនុ។

យ៉ាងនេះក្តី ​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយអាជ្ញាធរបានផ្តល់ព័ត៌មានខាងលើនេះទៅកាន់ លោកឧកញ៉ា ទៀ វិចិត្រ តាមទូរស័ព្ទ គឺភ្លាមៗនោះ ​លោកឧកញ៉ា ទៀ វិចិត្រ ក៏ចាត់ចែងបញ្ជូនបុគ្គលិក​ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូងកម្ពុជា (G.T.V.C. SPEED BOAT CAMBODIA) អមដោយអូរប័រពេទ្យល្បឿនលឿន  មួយគ្រឿង បោះពួយយ៉ាងលឿនឆ្លងកាត់លម្ហសមុទ្រដ៏ទំល្វឹងល្វើយ ឆ្ពោះទៅយកជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ដែលកំពុងក្តៅក្រហល់ក្រហាយពេញរាងកាយ​បណ្តាលមកពីភ្លើងនោះ ដើម្បី​បញ្ជូនមកសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាសមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារមនុស្សធម៌អូរបី ប្រចាំខេត្តព្រះសីហនុ ផងនោះ ​មានប្រសាសន៍ថា ពេលនេះជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមការងារក្រុមហ៊ុន G.T.V.C​ ​បញ្ជូនមកដល់ដីគោករួចហើយៗ ក៏បានបញ្ជូនបន្តតាមរថយន្ត​​យកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព។ ​តាមព័ត៌មានចុងក្រោយពីក្រុមគ្រូពេទ្យ បញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ គឺបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយៗ កំពុងត្រូវបានក្រុមគ្រូពេទ្យបង្អែកខេត្តព្រះសីហនុ ពិនិត្យព្យាបាលដោយយកចិត្តទុកដាក់​បំផុត។

សមត្ថកិច្ចនគរបាលសង្កាត់កោះរ៉ុង បានបញ្ជាក់ថា ​ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលត្រូវភ្លើងឆេះរលាកពេញខ្លួន​​​មានឈ្មោះ វេង ស្រីរែន អាយុ៣៨ឆ្នាំ និងមានប្ដី​ឈ្មោះ សឿ វិត អាយុ ៤១​ឆ្នាំ ​មុខរបរ​ជាកម្មករបំរើការងារនៅ​​បឹងហ្គាឡូ​មួយកន្លែង ហើយក៏ជាប្រជាពលរដ្ឋ ​​​រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

​​សម្ថកិច្ចបន្តថា​ មូលហេតុ​បណ្តាលឲ្យមានអគ្គីភ័យឆាបឆេះ​ជនរងគ្រោះទាំងពីរនាក់ខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស រួចបានឆាបឆេះធុងដាក់ប្រេងសាំង ហើយក៏បានផ្ទុះ បណ្ដាលឲ្យឆាបឆេះជនរងគ្រោះពីរនាក់ប្តីប្រពន្ធ​រងរបួសធ្ងន់ធ្ងរ។

ងាកមកសកម្មភាពមនុស្សធម៌របស់លោកឧកញ៉ា ទៀ វិចិត្រ ឯណោះវិញ គឺ វាមិនមែនជាលើកទី១នោះទេ​សម្រាប់ លោកឧកញ៉ា ទៀ វិចិត្រ ដោយរូបលោកតែងបានបញ្ជូនបុគ្គលិក និងអូប័រពេទ្យល្បឿនលឿន ទៅជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅតាមបណ្តាកោះនានា និងជួបគ្រោះថ្នាក់ទូកលិច ឬឆេះទូក​នៅលើលម្ហសមុទ្រជាបន្តបន្ទាប់នាពេលកន្លងមក​។ ហើយថាការងារមនុស្សធម៌ទាំងនេះ​ លោកឧកញ៉ា ទៀ វិចិត្រ តែបានអនុវត្តជាប្រចាំ និងធ្វើសកម្មភាពរាប់ឆ្នាំកន្លងមកហើយ នៅពេលរូបលោកទទួលបានព័ត៌មានពីផ្នែកពាក់ព័ន្ធ ឬសមត្ថកិច្ច ក៏ដូចជាគ្រួសារជនរងគ្រោះ បានផ្តល់ព័ត៌មានមករូបលោក ដោយមិនគិតថាពេលយប់ ឬពេលថ្ងៃនោះទេ គឺលោកឧកញ៉ា តែងបានបញ្ជូន បុគ្គលិកក្រុមហ៊ុន G.T.V.C អមដោយអូរប័ល្បឿនលឿន ដើម្បីទៅជួយសង្គ្រោះជនរងគ្រោះគ្រប់ពេលវេលា ដោយមិនគិតពីសេវាលុយកាក់អ្វីទាំងអស់។ ហើយរិតតែពិសេសជាងនេះទៅទៀត គឺលោកឧកញ៉ា ទៀ វិចិត្រ ថែមទាំង​បានជួយចេញថ្លៃព្យាបាល និងផ្តល់​ជាថវិកាមួយចំនួនទៀត ជូនដល់ជនរងគ្រោះ ឬគ្រួសារជនរងគ្រោះថែមទៀផង៕ ដែន សីមា

 

អត្ថបទដែលជាប់ទាក់ទង