ឧកញ៉ា ទៀ វិចិត្រ ធានាចេញថ្លៃព្យាបាលជូនស្ត្រីម្នាក់ ត្រូវភ្លើងឆេះរបួសធ្ងន់នៅលើកោះរ៉ុង ហើយត្រូវគ្រូពេទ្យបញ្ជូន​ទៅសង្គ្រោះបន្តនៅ​រាជធានីភ្នំពេញ

ខេត្តព្រះសីហនុ៖​ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនមកដល់មន្ទីរពេទ្យបង្អែក ដើម្បីទទួលការព្យាបាលរួចហើយ ប៉ុន្តែស្ត្រីជាភរិយា ដែលមានរលាកភ្លើងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំំពេញជាបន្តទៀត ហើយរាល់ការចំណាយទៅលើថ្លៃព្យាបាល គឺលោកឧកញ៉ា ទៀ វិចិត្រ ជាអ្នកធានាចេញថ្លៃព្យាបាលជូនស្ត្រីរងគ្រោះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា មានជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលជាប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុង ត្រូវភ្លើងឆាបឆេះរលាកពេញខ្លួនរងរបួសធ្ងន់ ហើយខ្វះមធ្យោបាយដឹកជញ្ជូនមកសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យលើដីគោក នាក្រុងព្រះសីហនុ។

យ៉ាងនេះក្តី សមត្ថកិច្ចបញ្ជាក់ថា ក្រោយអាជ្ញាធរបានផ្តល់ព័ត៌មានខាងលើនេះទៅកាន់ លោកឧកញ៉ា ទៀ វិចិត្រ តាមទូរស័ព្ទ គឺភ្លាមៗនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏ចាត់ចែងបញ្ជូនបុគ្គលិក របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូងកម្ពុជា (G.T.V.C. SPEED BOAT CAMBODIA) អមដោយអូរប័រពេទ្យល្បឿនលឿន មួយគ្រឿង បោះពួយយ៉ាងលឿនឆ្លងកាត់លម្ហសមុទ្រដ៏ទំល្វឹងល្វើយ ឆ្ពោះទៅយកជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ដែលកំពុងក្តៅក្រហល់ក្រហាយពេញរាងកាយបណ្តាលមកពីភ្លើងនោះ ដើម្បីបញ្ជូនមកសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាសមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារមនុស្សធម៌អូរបី ប្រចាំខេត្តព្រះសីហនុ ផងនោះ មានប្រសាសន៍ថា ពេលនេះជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមការងារក្រុមហ៊ុន G.T.V.C បញ្ជូនមកដល់ដីគោករួចហើយៗ ក៏បានបញ្ជូនបន្តតាមរថយន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព។ តាមព័ត៌មានចុងក្រោយពីក្រុមគ្រូពេទ្យ បញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ គឺបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយៗ កំពុងត្រូវបានក្រុមគ្រូពេទ្យបង្អែកខេត្តព្រះសីហនុ ពិនិត្យព្យាបាលដោយយកចិត្តទុកដាក់បំផុត។

សមត្ថកិច្ចនគរបាលសង្កាត់កោះរ៉ុង បានបញ្ជាក់ថា ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលត្រូវភ្លើងឆេះរលាកពេញខ្លួនមានឈ្មោះ វេង ស្រីរែន អាយុ៣៨ឆ្នាំ និងមានប្ដីឈ្មោះ សឿ វិត អាយុ ៤១ឆ្នាំ មុខរបរជាកម្មករបំរើការងារនៅបឹងហ្គាឡូមួយកន្លែង ហើយក៏ជាប្រជាពលរដ្ឋ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
សម្ថកិច្ចបន្តថា មូលហេតុបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះជនរងគ្រោះទាំងពីរនាក់ខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស រួចបានឆាបឆេះធុងដាក់ប្រេងសាំង ហើយក៏បានផ្ទុះ បណ្ដាលឲ្យឆាបឆេះជនរងគ្រោះពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់ធ្ងរ។

ងាកមកសកម្មភាពមនុស្សធម៌របស់លោកឧកញ៉ា ទៀ វិចិត្រ ឯណោះវិញ គឺ វាមិនមែនជាលើកទី១នោះទេសម្រាប់ លោកឧកញ៉ា ទៀ វិចិត្រ ដោយរូបលោកតែងបានបញ្ជូនបុគ្គលិក និងអូប័រពេទ្យល្បឿនលឿន ទៅជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅតាមបណ្តាកោះនានា និងជួបគ្រោះថ្នាក់ទូកលិច ឬឆេះទូកនៅលើលម្ហសមុទ្រជាបន្តបន្ទាប់នាពេលកន្លងមក។

ហើយថាការងារមនុស្សធម៌ទាំងនេះ លោកឧកញ៉ា ទៀ វិចិត្រ តែបានអនុវត្តជាប្រចាំ និងធ្វើសកម្មភាពរាប់ឆ្នាំកន្លងមកហើយ នៅពេលរូបលោកទទួលបានព័ត៌មានពីផ្នែកពាក់ព័ន្ធ ឬសមត្ថកិច្ច ក៏ដូចជាគ្រួសារជនរងគ្រោះ បានផ្តល់ព័ត៌មានមករូបលោក ដោយមិនគិតថាពេលយប់ ឬពេលថ្ងៃនោះទេ គឺលោកឧកញ៉ា តែងបានបញ្ជូន បុគ្គលិកក្រុមហ៊ុន G.T.V.C អមដោយអូរប័ល្បឿនលឿន ដើម្បីទៅជួយសង្គ្រោះជនរងគ្រោះគ្រប់ពេលវេលា ដោយមិនគិតពីសេវាលុយកាក់អ្វីទាំងអស់។ ហើយរិតតែពិសេសជាងនេះទៅទៀត គឺលោកឧកញ៉ា ទៀ វិចិត្រ ថែមទាំងបានជួយចេញថ្លៃព្យាបាល និងផ្តល់ជាថវិកាមួយចំនួនទៀត ជូនដល់ជនរងគ្រោះ ឬគ្រួសារជនរងគ្រោះថែមទៀផង៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង