មន្ត្រីសុខាភិបាលអះអាងថា មនុស្ស១១នាក់នៅស្រុកល្វាឯម ​ស្លាប់​ដោយផឹកស្រាស-ស្រាថ្នាំ មានសារធាតុមេតាណុលហួសកម្រិត!

ខេត្តកណ្តាល៖ មន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកល្វាឯម​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រស់នៅស្រុកល្វាឯម ជាពិសេសប្រជាពលរដ្ឋ ដែលបានពិសាស្រាស ឬស្រាថ្នាំ ដែលទិញពីស្រុកល្វាឯម​ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្រាស និងស្រាថ្នាំ ដែលត្រូវបានគេដាក់លក់នៅក្នុងមូលដ្ឋាននេះ គឺមានផ្ទុកសារធាតុមេតាណុល លើស​កម្រិត ដែលបង្កឲ្យពុលមនុស្ស ឈានដល់​បាត់បង់អាយុជីវិត។

លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានឲ្យដឹងថា យោងតាមលទ្ធផលធ្វើតេស្តពីមន្ទីរពិសោធន៍ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា ការស្លាប់របស់មនុស្សចំនួន ១១​នាក់​ កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០២១ គឺបណ្តាលមកពីជនរងគ្រោះពិសា ឬផឹកស្រាស និងស្រាថ្នាំ ដែលមានសារធាតុមេតាណុលលើសកម្រិត។

លោកអភិបាលបន្តថា លទ្ធផលធ្វើតេស្តទៅលើតៀម ឬតូបលក់ស្រាស និងស្រាថ្នាំចំនួន ២៨កន្លែង គឺតូលក់​ស្រាស ឬស្រាថ្នាំស្ទើរតែទាំងអស់ មានលាយសារធាតុមេតាណុលពុលលើសកម្រិត​។ រីឯផ្ទះផលិតស្រា ដែលមានម្ចាស់ឈ្មោះ ប៊ូ ស៊ន កំពុងជាប់ការសង្ស័យ ​មន្ត្រីជំនាញក៏កំពុងធ្វើការស្រាវជ្រាវដើម្បីឲ្យប្រាកដថា តើសារធាតុមេតាណុលទាំងនោះ មានប្រភពចេញពីសិប្បកម្មផលិតស្រាសនោះ ឬក៏បែបណា។

លោក កន សុកកាយ បានបន្តថា ទាក់ទិនការស្លាប់ប្រជាពលលរដ្ឋទាំង ១១នាក់ខាងលើនេះ គឺអាជ្ញាធរបានកោះហៅប្រជាពលរដ្ឋ ដែលបានផឹកស្រាស និងស្រាថ្នាំ តាំងពីថ្ងៃទី១០ ខែឧសភា​ មកម៉្លេះ ហើយមានមនុស្សចំនួន ៥៦នាក់ ត្រូវបានទៅពិនិត្យសុខភាព។ ហើយក្នុងនោះ មានមនុស្សចំនួន ០៥នាក់ មានអាការៈធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យេឯរាជធានីភ្នំពេញ។ ហើយមានមនុស្សចំនួន ២០នាក់ទៀត ក៏កំពុងត្រូវបានក្រុមគ្រូពេទ្យពិនិត្យសុខភាព ព្រោះបានចូលរួមផឹកស្រាស និងស្រាថ្នាំ ជាមួយជនរងគ្រោះដែលបានស្លាប់ទាំង១១នាក់ខាងលើនោះដែរ។

លោកអភិបាលស្រុកល្វាឯម បន្តថា ពេលនេះ រូបលោក បានស្នើសុំគោលការណ៍ពីថ្នាក់លើ និងជំនាញពាក់ព័ន្ធ ដើម្បីប្រមូលស្រាស និងស្រាថ្នាំទាំងអស់ ​ពីតូបលក់ដូរទាំងអស់នៅមូលដ្ឋាលស្រុកល្វាឯម ដើម្បីដុតបំផ្លាញចោល។

​របាយការណ៍​សមត្ថកិច្ចស្រុកល្វាឯម បានឲ្យដឹងថា ជនរងគ្រោះ​ទាំង ១១នាក់ គឺជាបុរសទាំងអស់ ហើយមានអាយុចាប់ពី ២៩ ដល់អាយុ ៥៧ឆ្នាំ។ ក្នុងនោះភាគច្រើនអាយុប្រ​ហែល ៥០ឆ្នាំ។
ការស្លាប់ខាងលើនេះ គឺក្នុងពេលពួកគាត់បានលួច​ផឹកស្រាស និងស្រាថ្នាំ នៅក្នុងពិធីបុណ្យសព​របស់ញាតិជិតខាង កាលពីថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ ខណៈអាជ្ញាធរបានហាមឃាត់ រាល់ការទិញ និងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

អត្ថបទដែលជាប់ទាក់ទង