នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ​៤នាក់​ ពាក់ព័ន្ធ​ករណីលួចម៉ូតូ

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីវេលាម៉ោង ០០និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចោរកម្ម(លួចម៉ូតូ) ក្នុងនោះមានទាំងជនដៃដល់ និងអ្នកចាំទទួលទិញម៉ូតូ ដែលលួចបាន និងឈានដល់ការដកហូតបានម៉ូតូចំនួន ០៦គ្រឿង ដែលជាផល នៃអំពើចោរកម្មផងដែរ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ឈ្មោះ តឹក លីវុទ្ធារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)។ ឈ្មោះ ថោង សាវ៉ាត (ហៅញ៉ក់) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់លេខ១(ទំនប់រលក) ក្រុង-ខេត្តព្រះសីហនុ(សហចារី)។ ឈ្មោះ ចែម ចាន់ថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ(អ្នកទទួលផលនៃអំពើចោរកម្ម)។ ឈ្មោះ យ៉ា ចំរ៉ុង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សម្ភារ មានទីលំនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ(អ្នកទទួលផលនៃអំពើចោរកម្ម)។

ដោយឡែកជនរងគ្រោះមាន ឈ្មោះ សាន់ ថាន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីរដ្ឋករទឹក មានទីលំនៅក្រុមទី២២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ ដែលជាផលនៃអំពើចោរកម្ម សរុបចំនួន ០៦គ្រឿង៖

១- ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ រដ្ឋ66 1-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933។
២- ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មានលេខតួ និងលេខម៉ាស៊ីនៈ 5332043 ពាក់ស្លាកលេខក្លែងបន្លំ (ភ្នំពេញ 1BT-9255)។
៣- ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ មានលេខតួ និងលេខម៉ាស៊ីនៈ 8168736 ពាក់ស្លាកលេខៈ ព្រះសីហនុ 1B-6169។
៤- ម៉ូតូម៉ាក NEX ពណ៌ក្រហម មានលេខតួ និងលេខម៉ាស៊ីនៈ 202335 ពាក់ស្លាកលេខៈ ភ្នំពេញ 2GM-2682។
៥- ម៉ូតូម៉ាក SIRIUS ពណ៌ស មានលេខតួ និងលេខម៉ាស៊ីនៈ 349483 គ្មានស្លាកលេខ។
៦- ម៉ូតូម៉ាក SCOOPY ពណ៌ស មានលេខតួ និងលេខម៉ាស៊ីនៈ 8127110 គ្មានស្លាកលេខ។

សូមរម្លឹកផងដែរថា កាលពីវេលាម៉ោង ១៩ និង ៥៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចពីករណីបាត់ម៉ូតូ នៅចំណុចអូរទី៣ ស្ថិតនៅក្រុមទី២២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ លួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ រដ្ឋ 66 1-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ក្នុងខណៈពេល ដែលជនរងគ្រោះចតទុកនៅក្នុងបរិវេណផ្ទះ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមចម្លើយសារភាព របស់ជនសង្ស័យដែលជាជនដៃដល់ បានឲ្យដឹងថា ក្រុមបក្ខពួកខ្លួនបានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋបានចំនួន០៤ ទៅ ០៥លើក នៅក្នុងភូមិសាស្រ្ត នៃក្រុងព្រះសីហនុ បន្ទាប់មកទើបយកទៅលក់ឲ្យអ្នក ដែលចាំទទួលទិញផល នៃអំពើចោរកម្ម ដែលមានឈ្មោះខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង​០៤នាក់​ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង