គម្រោង YSEALI និង អង្គការ ICFJ រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីសារព័ត៌មានពលរដ្ឋ

រាជធានីភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ សហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន (ICFJ) កំពុងរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយ តាមប្រព័ន្ធអ៊ិនធឺណែត ក្រោមគម្រោងគំនិតផ្តួចផ្តើម នៃមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) ស្តីពីសារព័ត៌មានពលរដ្ឋ។ វគ្គសិក្សានេះ ដែលមានរយៈពេល ០៦សប្តាហ៍ បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា៖ «សារព័ត៌មានសេរី និងឯករាជ្យ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់លទ្ធិប្រជាធិបតេយ្យប្រកបដោយវិបុលភាព។ ជាងពេលណាៗទាំងអស់ យើងត្រូវការអ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកសារព័ត៌មាន ដើម្បីធ្វើឲ្យរដ្ឋាភិបាល មានការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ហើយលើកកម្ពស់ការយល់ដឹងលើបញ្ហានានា បញ្ហាប្រឈម និងឱកាស នៅក្នុងសង្គម។ ខ្ញុំមានការជឿជាក់ថា សិក្ខាសាលានេះ នឹងផ្តល់ដល់មេដឹកនាំវ័យក្មេងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នូវជំនាញសម្រាប់ធ្វើការងារទាំងនេះ»។

នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ តាមអ៊ិនធឺណែតនេះ សិក្ខាកាមចំនួន ៤៣នាក់ មកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រ នឹងទទួលបានចំណេះដឹងជាក់ស្តែង ស្តីពីសារព័ត៌មានពលរដ្ឋ រៀនសូត្របានពីចំណុចសំខាន់ៗ នៃសីលធម៌សម្រាប់អ្នកសារព័ត៌មាន ហើយបណ្តុះសមត្ថភាព ក្នុងការធ្វើសេចក្តីរាយការណ៍ប្រកបដោយគុណភាព និងផ្អែកលើភស្តុតាងបញ្ជាក់។
លោកស្រី Melissa A. Brown ភារធារីនៃស្ថានបេសកកម្ម របស់សហរដ្ឋអាមេរិកប្រចាំនៅសមាគមអាស៊ាន បានមានប្រសាសន៍ថា ៖ «ការផ្តល់អំណាចដល់អ្នកសារព័ត៌មាននៅអាស៊ីអាគ្នេយ៍ តាមរយៈឱកាសបណ្តុះបណ្តាលនានា ដែលផ្តល់ដោយកម្មវិធី YSEALI កម្មវិធីអ្នកទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ(IVLP) និងកម្មវិធីប្រឡងស្តីពីការងារសារព័ត៌មានសង្គម របស់យុវជនអាស៊ាន និងទីភ្នាក់ងារជំនួយ អាមេរិក (USAID) បានរួមចំណែកដល់វឌ្ឍនភាពតំបន់ ឆ្ពោះទៅរកសង្គមដែលមានភាពសេរី និងបើកចំហ ហើយដែលគាំទ្រគណនេយ្យភាព និងការចូលរួមរបស់ពលរដ្ឋ។ គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងសមាគមអាស៊ាន បានរួមចំណែកឱ្យមានចំណាត់ថ្នាក់ប្រសើរជាងមុន នៅក្នុងចំណោមប្រទេសអាស៊ានខ្លះ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។ យើងសូមអបអរសាទរដល់ពួកគេ ចំពោះភាពរីកចម្រើននេះ»។

លោកស្រី Johanna Carrillo អនុប្រធានកម្មវិធីនៃ ICFJ បានមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានពលរដ្ឋ មានតួនាទីសំខាន់នៅក្នុងការផ្តល់ព័ត៌មានសម្រាប់សហគមន៍របស់គេ ហើយកម្មវិធីនេះមានបំណងធ្វើឲ្យមានអ្នកដឹកនាំ នៅក្នុងផ្នែកនេះ។ ដោយរៀនសូត្រពីលក្ខណៈសំខាន់ៗ នៃការងារល្អផ្នែកសារព័ត៌មាន សិក្ខាកាមនឹងជួយផ្សព្វផ្សាយព័ត៌មានដែលមានមូលដ្ឋានត្រឹមត្រូវ នៅទូទាំងតំបន់»។ ពលរដ្ឋដែលដើរតួជាអ្នកសារព័ត៌មាន គឺជាអ្នកដែលស្ថិតនៅក្រៅអង្គការសារព័ត៌មានធម្មតា ធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន។

គម្រោង YSEALI គឺជាកម្មវិធីពិសេសមួយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍ មានគោលបំណងបង្រៀន និងផ្តល់ជំនាញស្តីពីភាពជាអ្នកដឹកនាំ ដល់យុវជន ដែលស្ថិតក្នុងអាយុពី ១៨ ដល់ ៣៥ឆ្នាំ។ គម្រោង YSEALI កសាងសមត្ថភាពលើភាពជាអ្នកដឹកនាំ របស់យុវជននៅអាស៊ីអាគ្នេយ៍ ហើយជំរុញការធ្វើសហប្រតិបត្តិការគ្នាឆ្លងព្រំដែន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងក្នុងសាកលលោក។ គម្រោង YSEALI បានបើកសិក្ខាសាលាជាច្រើន និងបានបញ្ជូនមនុស្សពីតំបន់អាស៊ីអាគ្នេយ៍ ឲ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនានា ដូចជាសិក្ខាសាលាថ្នាក់តំបន់នៅប្រទេសថៃ ស្តីពីជំនាញក្នុងការគិតដោយការវិភាគលម្អិត សិក្ខាសាលាស្តីពីអក្ខរកម្មសារព័ត៌មាន នៅប្រទេសភូមា និងបានផ្តល់ជំនួយជាថវិកាពីគម្រោង Seed for the Future សម្រាប់ប្រភពព័ត៌មានមួយ ស្តីពីសុខភាពសាធារណៈនៅប្រទេសហ្វីលីពីន បានបញ្ជូនអ្នកចូលរួមក្នុងកម្មវិធីសិក្សា និងបង្កើនជំនាញអាជីព។ល។

ព័ត៌មានបន្ថែមសូមទាក់ទង
លោក Chad Roedemeier
អ្នកនាំពាក្យ ស្ថានទូតអាមេរិកនៅភ្នំពេញ
អ៊ីម៉េល ៖ Roedemeiercr@state.gov

អត្ថបទដែលជាប់ទាក់ទង