ក្រុមហ៊ុនទឹក​សុទ្ធ «ប៉ាយឈាន់សានឈន» ឧបត្ថម្ភទឹកសុទ្ធ២ពាន់យួរ ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ កាលពីសៀលថ្ងៃសុក្រ ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តទទួលជំនួយមនុស្សធម៌ពីក្រុមហ៊ុនទឹកពិសា​បរិសុទ្ធ ប៉ាយឈាន់សានឈនចំនួន ២.០០០យួរ ដើម្បីប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នាខេត្តព្រះសីហនុ​។

លោកនាយកក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ប៉ាយឈាន់សានឈន មានប្រសាសន៍ថា ចាប់តាំងពីជំងឺកូវីដ-១៩ មានការឆ្លងរាលដាលធ្ងន់ធ្ងរនៅខេត្តព្រះសីហនុ គឺ ក្រុមហ៊ុនលោក បាននាំយកទឹកពិសា​បរិសុទ្ធ ​យកមកឧបត្ថម្ភជូនរដ្ឋបាលខេត្តជាបន្តបន្ទាប់។ ហើយពេលនេះ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធចំនួន ២.០០០យួរ​បន្ថែមទៀត ដើម្បីប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។ លោកបន្តថា ក្រៅពីទឹកបរិសុទ្ធ ក្រុមហ៊ុនលោក ក៏បានឧបត្ថម្ភរថយន្ត ០៣គ្រឿង ក្នុងការជួយដឹកជញ្ជូនអ្នកជំងឺ ដែលព្យាបាលជា សះស្បើយវិលត្រឡប់ទៅលំនៅឋានវិញបានចំនួន ១.៥០០នាក់ផងដែរ​។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ប៉ាយឈាន់សានឈន ដែលបាននាំយក នូវទឹកពិសារបរិសុទ្ធឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ នាពេលនេះ។ លោកអភិបាលចាត់ទុកជំនួយឧបត្ថម្ភខាងលើនេះ ថាជាការចូលរួមចំណែកក្នុងគ្រា ដែលរដ្ឋបាលខេត្តព្រះសីហនុ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ។ ហើយថា កន្លងមក​ក្រុមហ៊ុនដដែលនេះ ក៏បាននាំយកទឹកពិសា​បរិសុទ្ធដូចគ្នានេះ មកចែកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ របស់ប្រចាំការនៅតាមគោលដៅបិទខ្ទប់នានា ក្នុងក្រុងព្រះសីហនុផងដែរ។

លោក គួច ចំរើន បន្តថា ទឹកបរិសុទ្ធទាំងនេះ រដ្ឋបាលខេត្ត និងយកមកប្រើប្រាស់សម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ ខណៈមានអ្នកជំងឺ​មកសម្រាកព្យាបាលមានជាង ១.៦០០នាក់ ប៉ុន្តែនេះ បានជាសះស្បើយវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបណ្តើរៗរួចហើយ គឺនៅសល់ប្រមាណ ៧០០នាក់ទៀតប៉ុណ្ណោះកំពុងព្យាបាល​។

លោកអភិបាលខេត្តព្រះសីហនុ ​បញ្ជាក់ថា រដ្ឋបាលខេត្តបានជួលសណ្ឋាគារធ្វើជាមន្ទីរពេទ្យចំនួន ​០៥កន្លែង និងមន្ទីរពេទ្យខេត្តមួយទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយរាល់អ្នកជំងឺទាំងអស់ រដ្ឋបាលខេត្តបានផ្គត់ផ្គង់ទឹកបរិសុទ្ធ មី និងមានផ្លែឈើបន្ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង