គ្រោះថ្នាក់ចរាចរណ៍បន្តកើតមាន តាមផ្លូវជាតិលេខ៤នាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានរថយន្តចំនួន ០៣គ្រឿង បានបើកបុកប៉ះគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០០-២០១ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងរថយន្ត ០១គ្រឿង ម៉ាក SSANGYONG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២AT-៥៣៥៨ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។ រថយន្តនេះ បើកបរដោយឈ្មោះ ណុប រៀន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយបើកបុកប៉ះជាមួយរថយន្ត ០១គ្រឿងទៀត ម៉ាក LEXUS RX ៣០០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២T-៤៦៨៨ ទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)។ បន្ទាប់មក ក៏មានរថយន្ត ០១គ្រឿងទៀត ម៉ាក TOYOTA HIGHLANDER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២AT-៥៣៥៨ ដែលមានទិសដៅស្របនឹងរថយន្ត LEXUS បើកបរដោយឈ្មោះ ញ៉ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ជ្រុលមកបុករថយន្ត LEXUS ពីក្រោយបន្តទៀត។

ហេតុការណ៍នេះ បណ្តាលឲ្យឈ្មោះ ណុប រៀន អ្នកបើកបររថយន្ត SSANGYONG រងរបួសមធ្យម។ ចំណែកអ្នកបើកបររថយន្ត LEXUS បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង