ក្រុមហ៊ុន TRIMULIA TOWER ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារអាមេរិក ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់កូវីដ-១៩

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញទទួលជំនួយមនុស្សធម៌ពី ក្រុមហ៊ុន TRIMULIA Tower ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន TRIMULIA Tower ដែលបាននាំយកថវិកា មកឧបត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅតំបន់បិទខ្ទប់ (តំបន់ក្រហម) អ្នកជំងឺកូវីដ-១៩ ក្នុងក្រុងព្រះសីហនុ ការនាំយកថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ (តំបន់ក្រហម)ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង