សាធារណជន គាំទ្រវិធានការក្តៅរបស់​អភិបាលខេត្តកំពង់ស្ពឺ តម្រូវឲ្យរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ​​ ចេញពីភូមិសាស្ត្រនេះឲ្យអស់

ខេត្តកំពង់ស្ពឺ៖ សាធារណជន និងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម ប្រកាសគាំទ្រចំពោះចំណាត់ការក្តៅ របស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែល​តម្រូវឲ្យរុះរើផ្ទាំងប៉ាណូផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មស្រាបៀរទាំងអស់ ដែលបានដាក់តាំងនៅតាមចិញ្ចើមផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺឲ្យអស់ ដោយទុកពេល​០១សប្តាហ៍ ត្រូវរុះរើឲ្យអស់ជាស្ថាពរ។

ពួកគេយល់ថា ការទម្លាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ឲ្យអស់ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ នឹងអាចរួចចំណែកក្នុងការលើកស្ទួយសីលធម៌ខ្មែរ ឲ្យបានប្រសើរឡើងវិញ។

​សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានតម្រូវឲ្យម្ចាស់អាជីវកម្ម​​ទាំងអស់ ត្រូវរុះរើ​ជាបន្ទាន់​ នូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ​ ដែលដាក់តាំងផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ ឬនៅមុខហាងទាំងអស់ ដោយទុកពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១តទៅ។​

លោក វ៉ឺ សំណាង បន្តថា ជាបន្តបន្ទាប់មកនេះ មានការតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ​រជាច្រើន នៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបានធ្វើឲ្យបាត់បង់ នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និង សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​។

ត្រង់ចំណុចនេះ លោកអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ នៅខាងមុខហាង ឬ ជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈ សុខច្បាប់​នកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹង​​នេះ​​តទៅ​។ ហើយថា ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ ​គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងចាត់នីតិវិធីរដ្ឋបាល​ធ្វើការរុះរើ ដោយបន្ទុកចំណាយ និង​រាល់ការខូចខាត គឺគ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ​៕

អត្ថបទដែលជាប់ទាក់ទង