អភិបាលខេត្តស្វាយរៀង៖ កម្មករនាំគ្នាសម្រុករត់ចេញពីរោងចក្រ គឺមិនពាក់ព័ន្ធជំងឺកូវីដ-១៩ទេ

រាជធានីភ្នំពេញ៖ លោកអភិបាលខេត្តស្វាយរៀង បានបដិសេធថា រូបភាពវីដេអូ ដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន បានចុះផ្សាយថា អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់ នៅរោងចក្រមួយក្នុងខេត្តស្វាយរៀង រកឃើញវិជ្ជមានកូវីដ-១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយកសំណាក គឺមិនមែនជាការពិតទេ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមគ្រូពេទ្យ បានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ១០៨នាក់ ដោយក្នុងនោះរកឃើញ ៥៤នាក់ មានវិជ្ជមានកូវីដ-១៩ និងដឹកយកទៅព្យាបាលភ្លាមៗ។

លោកបញ្ជាក់ថា “អ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ។ គាត់ឃើញគេយកសំណាក គាត់ស្មានថាយកសំណាក ពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅ ហើយវាច្រឡំចឹងទេ។ មុខសញ្ញា ដែលយើងយក គឺតែពីរអគារនៅរោងចក្រ អេ អេន ជេ មិនបាន ២០០នាក់ផង ហើយអគារមិនពាក់ព័ន្ធនឹង កូវីដយើងទៅយកធ្វើអី។ លោកបន្តថា ឃើញអ្នកសារព័ត៌មានចុះផ្សាយអ៊ីចឹង ខ្ញុំកំពុងតែឆ្ងល់ឲ្យរដ្ឋបាលខេត្តធ្វើលិខិតបំភ្លឺវិញ”៕

IMG_20210526_204901_349

អត្ថបទដែលជាប់ទាក់ទង