អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាវិថីតេជោ ស្ពានរំដោះជំនន់ទឹកភ្លៀងនៅផ្លូវ L.V

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាវិថីតេជោ ស្ពានរំដោះជំនន់ទឹកភ្លៀងនៅផ្លូវ L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសស្ថាបនាវិថីតេជោ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីវិថី​ ២ធ្នូ មកចុងផ្លូវ​៥០២ ស្ថិតនៅតំបន់ពយតាមូង​ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ និងក៏ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិនមកគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរ សមុទ្រនៃខេត្តព្រះសីហនុ និងមានដាំដើមកោងកាងនៅតាមបណ្តោយឆ្នេរដើម្បីសោភ័ណភាព បរិស្ថានកាន់តែល្អថែមទៀត ព្រមទាំងជាលំហរសម្រាប់ការហាត់ប្រាណផងដែរ។

លោកអភិបាលខេត្តព្រះសីហនុ ក៏បន្តចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាស្ពាន L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានធ្វើការណែនាំក្រុមការងារសាងសង់ស្ពានត្រូវពន្លឿនការសាងសង់ឱ្យបានលឿន នឹងត្រូវបញ្ចប់ឱ្យបានមុនរដូវវស្សា ដើម្បីរំដោះជំនន់ទឹកភ្លៀង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង