អភិបាលស្រុកកោះកុង ត្រៀមបញ្ចូនសំណុំរឿងទៅតុលាការផ្តន្ទាទោស ចំពោះបុគ្គលរូបណាដែលមិនព្រមរុះរើសំណង់ខុសច្បាប់ និងមិនកាយអាចម៍ដីចេញពីមាត់ព្រែកតាតៃ..

ខេត្តកោះកុង៖ អភិបាលស្រុកកោះកុង ត្រៀមបញ្ចូនសំណុំរឿងបុគ្គល ដែលរឹងទទឹងមិនអនុវត្តវិធានការរុះរើសំណង់សង់ខុសច្បាប់ និងមិនព្រមកាយយកអាចម៍ដីចេញពីមាត់ព្រែកតាតៃ ឲ្យស្របតាមការណែនាំ របស់រដ្ឋបាលស្រុកកោះកុងទេ។

កន្លងមកនេះ អាជ្ញាធររដ្ឋបាលស្រុកកោះកុង បានដាក់បទបញ្ជាឲ្យម្ចាស់ទីតាំងដីចំនួន ០៥កន្លែង ដែលលួចសាងសង់កញ្ចុះ ឬសង់សំណង់ខុសច្បាប់ និងចាក់អាចម៍ដីរំលោភចូលចំណីព្រែក មានទីតាំងនៅក្នុងឃុំតាតៃ តម្រូវឲ្យជីកកកាយអាចម៍ដី រុះរើកញ្ចុះ និងវាយកម្ទេចសំណង់ ចេញពីចំណីព្រែកឲ្យមកសភាពដើមវិញ ដោយទុករយៈពេល០១ខែ គិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១មក។ ប៉ុន្តែគិតមកដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ គឺនៅមានបុគ្គលម្នាក់ឈ្មោះ គិន ប៊ូកាន ជាមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តកោះកុង ដែលជាម្ចាស់ទីតាំងដីល្មើសច្បាប់មួយកន្លែង ក្នុងចំណោម ០៥ទីតាំង នៅពុំទាន់បានអនុវត្តតាមបទបញ្ជា របស់អាជ្ញាធរស្រុកកោះកុងទេ ទោះបីជាឱសានវាទបានហួសរយៈពេល០៩ថ្ងៃមកហើយក្តី។

ទាក់ទិនបញ្ហានេះ លោក ជា សូវី អភិបាលស្រុកកោះកុង បានព្រមានថា  បើម្ចាស់ទីតាំងដីរូបណា នៅតែរឹងទទឹងមិនពុំព្រមអនុវត្តតាមវិធានការ របស់រដ្ឋបាលស្រុក តាមកិច្ចសន្យាកំណត់ឲ្យរុះរើកញ្ចុះ និងជីកកាយអាចម៍ដី ដែលបំពានចូលចំណីព្រែក ចេញពីមាត់ព្រែកតាតៃទេ គឺអាជ្ញាធរ និងបញ្ចូនសំណុំរឿងនេះ ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីច្បាប់។

លោកបន្តថា ក្នុងចំណោមម្ចាស់ទីតាំងដី ០៥នាក់ ដែលប្រព្រឹត្តល្មើសខាងលើនេះ គឺមានម្ចាស់ទីតាំងចំនួន ០៤នាក់រួចហើយ ដែលបានអនុវត្តតាមកិច្ចសន្យាជាមួយអាជ្ញាធរស្រុកកោះកុង។ ចំណែកម្ចាស់ដីម្នាក់ទៀតឈ្មោះ គិន ប៊ូកាន នៅមិនទាន់អនុវត្តតាមការណែនាំ របស់រដ្ឋបាលស្រុកកោះកុង នៅឡើយទេ។

ចំណុចនេះ លោក ជា សូវី អភិបាលស្រុកកោះកុង បានឲ្យដឹងកាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា សប្តាហ៍ក្រោយនេះ លោកនឹងចាត់អភិបាលរងស្រុកម្នាក់ និងក្រុមមន្រ្តីជំនាញ ឲ្យចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បីវាយតម្លៃអំពី ការអនុវត្តវិធានការខាងលើ ហើយនឹងធ្វើរបាយការណ៍បញ្ចប់ចុងក្រោយ ដើម្បីបញ្ចូនទៅកាន់រដ្ឋបាលខេត្តកោះកុង ពិនិត្យសម្រេច។

លោកអភិបាលស្រុកបន្តថា រឿងនេះមិនពិបាកយល់ទេ បើគាត់មិនអនុវត្តតាមបទបញ្ជា របស់អាជ្ញាធរ ដែលតម្រូវឲ្យរុះរើសំណង់ខុសច្បាប់ និងមិនព្រមជីកកាយអាចម៍ដី ចេញពីមាត់ព្រែកតាតៃទេ គឺអាជ្ញាធរ មានតែបន្តបញ្ចូនសំណុំរឿងនេះ ទៅតុលាការ ដើម្បីបន្តនីតិវិធី។

មន្ត្រីរដ្ឋបាលស្រុកកោះកុង បានឲ្យ បានឲ្យដឹងថា ម្ចាស់ទីតាំងដី ដែលបានបំពានចូលចំណីព្រែកទាំង ០៥ទីតាំងខាងលើមានឈ្មោះ៖ លោក តេង ប៊ុន ជាប្តីអ្នកស្រី មួយ អ្នកលក់សម្ភារគ្រឿងសំណង់ នៅទីរួមខេត្តកោះកុង- ឈ្មោះ អឹម ផល – ឈ្មោះ កេត សុជាតិ និងឈ្មោះ កេត វិចិត្រ ដោយអ្នកទាំង០៤នាក់ខាងលើនេះ បានអនុវត្តតាមវិធានការ របស់រដ្ឋបាលស្រុកកោះកុង រួចរាល់​ហើយ គឺនៅសល់តែ លោក គិន ប៊ូកាន ដែលជាមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តកោះកុង ម្នាក់ទេ នៅមិនទាន់អនុវត្តតាមការណែនាំ របស់រដ្ឋបាលស្រុកកោះកុង។

ចំពោះបញ្ហានេះ លោក គិន ប៊ូកានប្រធានការិយាល័យ ផ្នែកទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានបំភ្លឺថា មូលហេតុរូបគាត់ មិនទាន់រុះរើសំណង់កញ្ចុះ ចេញពីមាត់ព្រែកតាតៃ ក៏ព្រោះតែស្ថានភាពរាតត្បាត នៃជំងឺកូវីដ-១៩ ហើយកូនចៅរបស់លោក មិនមានកន្លែងសម្រាប់ស្នាក់នៅ ទើបពុំទាន់បាន អនុវត្តតាមការណែនាំ របស់អាជ្ញាធរស្រុកកោះកុង។

ចំពោះការដែលអាជ្ញាធរស្រុកកោះកុង ចុះវាស់វែងកំណត់ តម្រូវឱ្យជីកកាយអាចម៍ដីថ្មី ចេញពីមាត់ព្រែកចំនួន ០២ម៉ែត្រ លោក គិន ប៊ូកាន បានលើកឡើងថា បើកាយអាចម៍ដីថ្មចេញធ្វើឱ្យប៉ះពាល់គ្រឹះដែលហ៊ុំព័ទ្ធកុំបាក់ដីចូលព្រែក។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមេសា លោក ណឹម ភិរម្យ អភិបាលរងស្រុកោះកុង បានដាក់បទបញ្ជាឱ្យម្ចាស់ដីចំនួន ០៥ទីតាំង កុំបន្តជីកកាយដីជើងភ្នំចូលចំនួន ០៥ម៉ែត្រ ជីកកាយអាចម៍ដីចេញពីមាត់ព្រែកចំនួន ០២ម៉ែត្រ និងដាំស្តារព្រៃឈើឡើងវិញ។

យ៉ាងនេះក្តី សាធារណជន កំពុងរង់ចាំមើលចំណាត់ការ របស់អាជ្ញាធរស្រុកកោះកុង តើហ៊ានចាត់វិធានការផ្លូវច្បាប់ទៅលើ លោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង ដែរឬទេ?៕

អត្ថបទដែលជាប់ទាក់ទង