អាជ្ញាធរស្រុកព្រៃនប់ ចុះហាមឃាត់សកម្មភាពសង់របងថ្ម រំលោភលើដីចំណីអូរសាធារណៈ តាមផ្លូវសម្តេចសង្ឃទេពវង្ស

ខេត្តព្រះសីហនុ៖ អាជ្ញាធរស្រុកព្រៃនប់ បានចុះហាមឃាត់សកម្មភាពសង់របងថ្ម ដែលសង់រំលោភលើដីចំណីអូរសាធារណៈ ក្នុងគោលបំណងរំលោភយកដីចំណីអូរ ធ្វើជាកម្មសិទ្ធិពីសំណាក់ លោក គឹម ឡុង ត្រង់ចំណុចតាមបណ្តោយផ្លូវ សម្តេច សង្ឃទេព វង្ស ស្ថិតនៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការហាមឃាត់នេះ គឺអាជ្ញាធរស្រុកព្រៃនប់ បានចុះទៅធ្វើការហាមឃាត់ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រោយអាជ្ញាធរ ពិនិត្យឃើញថា សំណង់ខាងលើនេះ មិនមានច្បាប់ត្រឹមត្រូវ។

លោក ព្រំ មុន្នី អនុប្រធានរដ្ឋបាលសាលាស្រុកព្រៃនប់ បានឲ្យដឹងថាសំណង់របងថ្មខាងលើនេះ ត្រូវបានអាជ្ញាធរចុះធ្វើការហាមឃាត់ម្តង រួចមកហើយ ក្នុងពេលកន្លងមក ហើយពេលនេះ គឺជាលើកទី២ហើយ ដែលអាជ្ញាធរស្រុក បានចុះធ្វើការហាមឃាត់បដោយមិនឲ្យធ្វើការសាងសង់ជាបន្តទៀតទេ  ព្រោះសំណង់របងថ្ម ដែលសង់សងខាងអូរខាងលើនេះ គឺសង់មិនមានច្បាប់ និងសាងសង់លើដីចំណីអូរ  ដែលជាដីសាធារណៈ របស់រដ្ឋ។

ជាមួយគ្នានេះ លោក ព្រំ មុន្នី ក៏បានបញ្ជាក់ថា សំណង់របងថ្មអាចបន្តការសាងសង់បាន លុះត្រាតែមានច្បាប់ត្រឹមត្រូវ ពីរដ្ឋបាលខេត្តព្រះសីហនុ, ចំណែកឯរដ្ឋបាលស្រុកព្រៃនប់ មិនមានសិទ្ធិក្នុងការសម្រេច ចេញច្បាប់ឲ្យសាងដង់នោះឡើយ ពីព្រោះវាជាដីអូរសាធារណៈ របស់រដ្ឋ។ ហើយក្នុងករណីម្ចាស់ការដ្ឋានសាងសង់ មិនព្រមអនុវត្តតាម រដ្ឋបាលស្រុកទេ គឺអាជ្ញាធរ នឹងមានវិធានការច្បាប់។

ទាក់ទិនបញ្ហារនេះ លោក គឹម ឡុង ដែលជាម្ចាស់សាងសង់របងថ្ម នៅសងខាងអូរ ខាងលើនេះ បានឲ្យដឹងថា ដីនៅសងខាងអូរនេះ គឺជាដីមានប្លង់កម្មសិទ្ធិរបស់លោក ហើយការសាងសង់របងថ្ម នៅសងខាង អូរបែបនេះ គឺក្នុងគោលបំណង់ការពារការបាក់ស្រុតដីធ្លាក់ចូលអូរ។ ហើយការសាងសង់នេះ មិនមានច្បាប់ទេ ដោយសាររដ្ឋបាលស្រុកព្រៃនប់ មិនធ្វើច្បាប់ឲ្យទេ ដោយតម្រូវឲ្យរូបលោក ទៅសុំច្បាប់នៅរដ្ឋបាលខេត្ត ព្រះសីហនុវិញ។

លោកបន្តថា ចំពោះការសាងសង់ជាបន្តបន្ទាប់មកនេះ អាចដំណើរការទៅបាន គឺរូបលោក ក៏បានទៅសុំច្បាប់ពីសាលាក្រុងព្រះសីហនុ រួចរាល់អស់ហើយដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង