រដ្ឋបាលខេត្តព្រះសីហនុ ធ្វើពិធីក្រុងពលីលើកព្រះបដិមាឧមាមហេស្វរ និងរូបសំណាកសីហរាជមុខបី

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រារព្ធពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីលើកព្រះបដិមា ឧមាមហេស្វរ នៅរង្វង់មូល មានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមជម្រាបជូនថា រង្វង់មូលនេះស្ថាបនាអស់រយៈពេល ៦ខែ ហើយថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំក្រុងពលីបួងសួងសុំសេចក្តីសុខ លើកព្រះបដិមា ឧមាមហេស្វរ សូនពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៥.២០ម៉ែត្រ និងរូបសំណាកសីហរាជមុខបី សូនពីលោហធាតុ (ស្ពាន់) មានកម្ពស់៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៥.២០ម៉ែត្រ ហើយរូបសំណាកនេះផលិតដោយស្នាដៃកូនខ្មែរ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវធ្វើកែសម្រួលសួនច្បារ មុខរោងចក្រស្រាបៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលមកលេងកម្សាន្ត កាន់តែច្រើនឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង