រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលជំនួយឧបត្ថម្ភពីសប្បុរសជន សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ បន្តទទួលជំនួយមនុស្សធម៌ពីសប្បុរសជននានា សម្រាប់ប្រើប្រាស់ ក្នុងវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ។

ជំនួយដែលសប្បុរសជន បានប្រគល់ជូន រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកនេះ មានដូចជា៖

១- ក្រុមហ៊ុន SHOU MING KE JI YUAN Co.Ltd ឧបត្ថម្ភថវិកាចំនួន ៣០.០០០ ដុល្លារអាមេរិក

២- ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក

៣- សាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល, អង្ករ ៥០០គីឡូក្រាម, ម៉ាស់ ០១កេស, ត្រីខ ១២យួរ, ទឹកស៊ីអ៉ីវ ១០យួរ, មី ០១កេសធំ និង ទឹកបរិសុទ្ធ ៣០កេស

៤- លោក XIAO HUI នាយកក្រុមហ៊ុន E-GETS TECHNOLOGY CO.,LTD បានឧបត្ថម្ភម្ហូបអាហារចំនួន ៨០០ ប្រអប់។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន SHOU MING KE JI YUAN Co.Ltd- ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd- សាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោកស្រី ព្រមទាំងលោក XIAO HUI នាយកក្រុមហ៊ុន E-GETS TECHNOLOGY CO.,LTD ដែលបាននាំយកថវិកា, សម្ភារៈ , គ្រឿងឧបភោគបរិភោគ និងម្ហូបអាហារ មកឧបត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ចែកជូនមន្ត្រីជួរមុខ នៅតាមគោលដៅនានា ក្នុងក្រុងព្រះសីហនុ។

លោក គួច ចំរើន ចាត់ទុក ការនាំយកជំនួយ របស់សប្បុរសជន មកផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ គឺបានបញ្ជាក់ពីទឹកចិត្ត ក្នុងការចូលរួមចំណែក ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃខេត្តព្រះសីហនុ។ ម្យ៉ាងទៀត ក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរ នៅតាមសហគមន៍មួយចំនួន ក្នុងក្រុងព្រះសីហនុ។

ចំណែក លោកសាស្ត្រាចារ្យបណ្ឌិត ចាន់ សំអាន បានកោតសរសើរចំពោះ លោក គួច ចំរើន ថាជាអ្នកដឹកនាំដ៏ល្អម្នាក់ និងស្រលាញ់រាប់អានបញ្ញាវន្ត ក្រោយពេលរូបលោកអភិបាល បានថ្លែងសួរសុខទុក្ខ នៅក្នុងជំនួប នៅសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ។

បន្ថែមលើនេះនៅក្នុងជំនួបនោះ លោកបណ្ឌិត ចាន់ សំអាន ក៏បានថ្លែងចាត់ទុក កាយវិការរបស់លោកអភិបាលព្រះសីហនុ ថាជាមេដឹកនាំគម្រូ ជាមេដឹកនាំមានក្រមសីលធម៌ គុណធម៌ សុជីធ៌ម និងមានការទទួលខុសត្រូវខ្ពស់..។

ឆ្លៀតក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ ចាន់ សំអាន ជាថ្មីម្ដងទៀត ក៏បានថ្លែងអំណរគុណដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានសួរសុខទុក្ខអំពីសុខភាព នៃជំងឺ របស់លោក ក៏ដូចជាអរគុណដល់ លោកវេជ្ជបណ្ឌិត អេង ចំរើន និងសហការី នៃគ្លីនិកឯកមង្គល ក្រុងព្រះសីហនុ ដែលបានជួយសង្រោ្គះជីវិត របស់លោកដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង