ចិនអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac ចំពោះកុមារ និងមនុស្សវ័យជំទង់ ចាប់ពីអាយុ៣-១៧ឆ្នាំ

ប្រទេសចិន៖ ប្រធានក្រុមហ៊ុន Sinovac លោក យិន វៃតុង (Yin Weidong) បានផ្តល់សម្ភាសដល់ទូរទស្សន៍រដ្ឋចិន កាលពីយប់ថ្ងៃសុក្រ និងត្រូវបានដកស្រង់សម្តី មកចេញផ្សាយដោយ CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាក់ថា បានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការការពារជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac ក្នុងករណីបន្ទាន់ ទៅលើកុមារ និងមនុស្សវ័យជំទង់ មានអាយុចន្លោះពី ០៣ឆ្នាំ ដល់ ១៧ឆ្នាំ។

ប្រទេសចិន គិតត្រឹមថ្ងៃទី០៣ ខែមិថុនា បានចាក់វ៉ាក់សាំងសរុបជាង ៧២៣.៥លានដូសរួចហើយ ជូនដល់ប្រជាជនរបស់ខ្លួន ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

កន្លងមកវ៉ាក់សាំងនានា នៅប្រទេសចិន ត្រូវបានអនុញ្ញាតឲ្យចាក់បង្ការតែទៅលើមនុស្សមានអាយុ ចាប់ពី ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។

លោក Yin Weidong បញ្ជាក់ថា សម្រាប់ពេលវេលាកំណត់ ដែលអាចចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំង Sinovac ទៅលើក្រុមមនុស្សអាយុ ០៣ឆ្នាំ ដល់ ១៧ឆ្នាំ គឺអាស្រ័យទៅលើការអនុញ្ញាតពីអាជ្ញាធរចិន ដោយសមស្របទៅតាមយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង។

លោក Yin បញ្ជាក់បន្តថា មនុស្សវ័យចំណាស់មានអាទិភាពជាងក្មេងៗ ក្នុងការទទួលបានវ៉ាក់សាំង COVID-19 ព្រោះមនុស្សវ័យចំណាស់ងាយធ្លាក់ខ្លួនឈឺធ្ងន់ នៅក្រោយឆ្លងជំងឺនេះ៕

 

អត្ថបទដែលជាប់ទាក់ទង