វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិន​ចំនួន១លានដូសទៀត បានដឹក​មកដល់កម្ពុជា​ទៀតហើយ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១​នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៊ីណូហ្វាម (Sinopharm Vaccine) ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបចំនួន ០១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជា​ទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋ​ ដោយឥតគិតថ្លៃ។

វ៉ាក់សាំង ០១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ​២០២១នេះ គឺជាវ៉ាក់សាំងជើងទី៦​ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋ​ នៅទូទាំងប្រទេសកម្ពុជា។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បន្តស្វះស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺកូវីដនេះ ​ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយគិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនា ឆ្នាំ​២០២១នេះ។ ហើយថា វ៉ាក់សាំងប្រមាណ ៤.៥លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង