មន្ត្រីនគរបាលស្រុកបាកាន​ ឃាត់ខ្លួនជនសង្ស័យ​៤នាក់ ទាក់ទិនបទល្មើស​ជួញដូរ និងប្រើប្រាស់គ្រឿងញៀន​

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកបាកាន បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងយុទ្ធនាការចុះបង្រ្កាប​បទល្មើស​រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២​ករណី ​​ផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ នៅ​ភូមិបឹងប្រិយ៍ និងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់​។

​លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាល នៃអធិការដ្ឋានស្រុកបាកាន មានប្រសាសន៍ថា ក្នុងប្រតិបត្តិការចុះ បង្រ្កាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនទាំង ០២ករណីនេះរួមមាន៖ ករណីទី១- សមត្ថកិច្ចចុះបង្ក្រាប នៅម៉ោង ៨ និង ២៧នាទីយប់ នៅចំណុចផ្ទះឈ្មោះជ័រ វាសនា ភេទប្រុសអាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំជង ស្រុកបាកាន។ យុទ្ធនាការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ គឺឈ្មោះ ជ័រ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំជង ស្រុកបាកាន និងឈ្មោះ រឿន ខួច ភេទប្រុស អាយុ ២២​ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន។

យុទ្ធនាការខាងលើនេះ សមត្ថកិច្ច បានដកហូត​វត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ០៦កញ្ចប់ទម្ងន់ (១,៩១ក្រាម), កាំភ្លើងស្នប់កែឆ្នៃ ០២ដើម, ឧបករណ៍ឆក់ត្រី ០១កំប្លេរ, ឧបករណ៍ជក់០១កំប្លេរ, កូនថង់រំលែកថ្នាំ ២០ថង់, ដែកកេះ ០៥ និងកន្ត្រៃ០១។

លោកអធិការ បន្តទៀតថា ​ការបង្ក្រាបករណីទី២ គឺធ្វើឡើង នៅម៉ោង៩និង៣២នាទីយប់ នៅចំណុចខ្ទមចាំស្រែស្ថិតក្នុងភូមិអូររំចេកឃុំត្រពាំងជង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទី១-ឈ្មោះមាស ស្រីខួច ភេទស្រីអាយុ ២៣ឆ្នាំ រស់នៅភូមិបឹងខ្នារឃុំបឹងខ្មារស្រុកបាកាន , ទី២-ឈ្មោះស៊ិន សំបូរ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងជងឃុំត្រពាំងជង  និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស០១កញ្ចប់តូចទម្ងន់០.២៦ក្រាម,កាំភ្លើងស្នប់កែឆ្នៃ០២ដើម, កូនពូថៅ០១, អំពូលសម្រាប់ជក់ ០២កំណាត់, ឧបករណ៍ជក់ ០១កំប្លេរ, កាំបិតក្រង៉ុប០២, ដាវកែឆ្នៃ០១, ទូរស័ព្ទ០៣គ្រឿង, កូនកាបូបដៃ ០១មានលុយខ្មែរ ៦៥០០០រៀល,កូនកាំបិត០១, ដែកកេះ០៣និងកន្ត្រៃ ០១។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង