សមត្ថកិច្ច​ចម្រុះនៅតាមព្រំដែន​ ឃាត់ខ្លួន​ពលករ​ខ្មែរ​២០​នាក់​ និង​មេខ្យល់​ម្នាក់​ បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅថៃ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ កងកម្លាំង​នគរបាល​ និង​យោធា​ឈរជើង​យាម​ប្រចាំការ​ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ប្រុស​-ស្រី​ ចំនួន​ ២០​នាក់​ និង​មេខ្យល់​ម្នាក់​ នៅ​ទីតាំងចំនួន ០២​ផ្សេង​គ្នា​ គឺ​នៅ​ស្រុក​ម៉ា​ឡៃ​ និង​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ខណៈ​ពួក​គេ​បម្រុង​ឆ្លង​ដែន ​ចូល​ទៅ​នាន់ប្រទេស​ថៃ​។

យោង​តាម​របាយការណ៍ ​របស់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៤​ និង​៣០​នាទី​ព្រឹក​ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កែ​ សហការ​ជាមួយ​កម្លាំង​កងពលតូច​លេខ​៥១​ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់ ​ទៅ​ប្រទេស​ថៃ​ចំនួន​ ១៥​នាក់​ (​ស្រី​០៨​នាក់​ កុមារ​០២​នាក់​)​ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​។​ ក្នុង​នោះ​ឃាត់ខ្លួន​អ្នក​នាំ​ផ្លូវ​ ០១​នាក់​ ឈ្មោះ​ យ៉ើ​ន​ ណា​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​សង្កែ​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក​ សួង​ សៅ​ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ កម្លាំង​បាន​ប្រគល់​ឲ្យ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ន​របាល​ស្រុក​ម៉ា​ឡៃ​ ដើម្បី​សួរនាំ​ និង​ចាត់វិធានការ​បន្ត​តាមនីតិវិធី។

​ដោយឡែក​ នៅ​ស្រុក​ស្វាយចេក​ កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល ​ស្រុក​ស្វាយចេក​ និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ ប៉ុស្តិ៍​ថ្នល់បំបែក​ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក ​លេខ​៩១១​ បាន​សហការ​ជាមួយ​កម្លាំងយោធា​៥០៣​ និង​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១​ នៅ​វេលា​ម៉ោង​ ១១​ព្រឹក​ ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២១​ បាន​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ល្បើក​ស្វាយ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ ចំនួន​០៥​នាក់​ (​ស្រី​០២​នាក់​ ក្នុង​នោះ​កុមារ​តូច​អាយុ ​០៣​ឆ្នាំ​០១​នាក់​)​បម្រុង​លួច​ ឆ្លង​ដែន​ទៅ​កាន់ប្រទេស​ថៃ​។​

​ក្រោយបាន​ឃាត់ខ្លួន​ និង​សួរនាំ​ កម្លាំង​ជំនាញ ក៏បាន​បញ្ជូន​ពលករទាំងអដនេះ ទៅ​ទីសំចត​នៅ​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ដើម្បី​ចាត់ការ​បន្ត​នីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង