ពិធី​ប្រគល់​សម្បត្តិវប្បធម៌​ខ្មែរ​២៧រូប ដែល​សហរដ្ឋអាមេរិក រឹបអូសបាននៅទីក្រុងញូវយ៉ក

រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធ ​ទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០១រសៀល ម៉ោងនៅទីក្រុងញូវយ៉ក លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមជាសាក្សី តាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការប្រគល់ត្រឡប់មកកម្ពុជា នូវសម្បត្តិវប្បធម៌​ខ្មែរចំនួន ២៧រូប ដែលអង្គភាពស៊ើបអង្កេតសន្តិសុខ​​មាតុ​ភូមិ​ សហរដ្ឋអាមេរិក រឹបអូសបាននៅទីក្រុងញូវយ៉ក ពីបទកាន់កាប់បុរាណវត្ថុដោយខុសច្បាប់។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា រវាងលោកមេធាវី Cyrus Vance តំណាងការិយា​​ល័យ​​រដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ញូវយ៉ក និងលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងតាងនាមថ្នាក់ដឹកនាំ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ចសហប្រតិ​បត្តិការ និងការខិតខំប្រឹងប្រែង ពីសំណាក់ការិយា​ល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំ​​សង្កាត់ញូវយ៉ក, ក្រសួង​សន្ដិសុខ​មាតុភូមិសហរដ្ឋអាមេរិក,​ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ​កម្ពុជា និងស្ថានទូត នៃព្រះរាជណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារ នៃក្រសួង​វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។

ជាមួយនេះ លោកស្រីរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងឥស្សរជនជាច្រើនរូបទៀត ទាំងក្នុងស្ថាប័នរដ្ឋ-ឯកជន​​ ​ចំពោះការគាំទ្រនិងចូលរួមសហការ​ ដែលធ្វើឲ្យព្រឹត្ដិការណ៍ជាប្រវត្តិសាស្រ្តនេះកើតមានឡើង ជាពិសេស គឺក្នុងស្ថានភាពដ៏លំបាក នៃការរាលដាលជម្ងឺកូវីដ-​១៩។​

លោកស្រី សកុណា បញ្ជាក់ទៀតថា កិច្ចសហការ និង​ការ​គាំទ្រពីសំណាក់​ស្ថាប័នសហរដ្ឋអាមេរិក ជាច្រើន បានសរបញ្ជាក់​ពីចំណងមិត្ដភាព​ដ៏ល្អ និងប្រកប​ដោយផ្លែផ្កា នៃ​ទំនាក់ទំនង រវាងប្រទេស​ទាំងពីរ កម្ពុជា-អាមេរិក​ ក្នុង​ការចូលរួមការពារបេតិ​កភណ្ឌវប្បធម៌ខ្មែរ ជាពិសេសតាមរយៈអនុស្សារណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល​​កម្ពុជា និងរដ្ឋាភិបាល​សហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាម នូវការនាំចូលលើប្រភេទ នៃបុរាណវត្ថុ របស់ប្រទេសកម្ពុជា។

រាជរដ្ឋាភិបាល​កម្ពុជា នឹងប្ដេជ្ញា​បន្ដសហការស្រាវជ្រាវ​​ ដើម្បី​នាំយកសម្បត្ដិវប្បធម៌ខ្មែរ ដែលបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះ ត្រឡប់មកកម្ពុជាវិញ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជា​អ្នករក្សាទុកវត្ថុបុរាណនៅទូទាំងពិភពលោកទាំងអស់ សូមទាក់ទង​មកក្រុមការងារ របស់ក្រសួង និង​ចូលរួមសហការ ក្នុង​ការ​ប្រគល់សម្បត្ដិវប្បធម៌ខ្មែរត្រឡប់​មកប្រទេសកំណើត​វិញ៕

អត្ថបទដែលជាប់ទាក់ទង