ផ្លូវទើបស្ថាបនាថ្មីប្របមាត់សមុទ្រ តំបន់ពយតាមូងភ្ជាប់ពីកន្ទុយនាគឆ្នេរសុខា ឆ្ពោះមកផ្លូវ៥០២ឆ្នេរអូរឈើទាល នឹងត្រូវដាំលម្អដោយដើមកោងកាង..

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ លោក នេន ចំរើន បានឲ្យដឹងថា លោក ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តព្រះសីហនុ ដាំដើមកោងកាង នៅអមផ្លូវទើបស្ថាបនាថ្មី ០១ខ្សែ មានបណ្ដោយ ប្រវែង ១.០៣៤ ម៉ែត្រទទឹងជាង ១០ម៉ែត្រ នៅពយតាមូង ភ្ជាប់ពីកន្ទុយនាគឆ្នេរសុខា មកផ្លូវ ៥០២ ឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ ដើម្បីសោភណ្ឌភាព ជាម្លប់ ជារនាំងទប់ខ្យល់ ទប់ការហូរបាក់ច្រោះដី និងជាជម្រក សម្រាប់មច្ឆជាតិពងកូនផង។

លោក នេន ចំរើន បន្តថា ការដាំដើមកោងកាង នៅអមផ្លូវខាងលើនេះ គឺជាប្រភេទដើមធំៗ និងមានចំនួនជាង ២០០ដើម និងមានដាំកូនកោងកាងតូចៗមួយចំនួនទៀត ដើម្បីឲ្យទីតាំងផ្លូវថ្មី១ខ្សែនេះ កាន់តែមានសោភណ្ឌភាពថែមមួយកម្រិតទៀត។

មន្ត្រីរដ្ឋបាលខេត្តខេត្តព្រះសីហនុ បញ្ជាក់ថា ផ្លូវទើបស្ថាបនាថ្មី នៅប្របមាត់សមុទ្រ ខាងលើនេះ មានឈ្មោះ «វិថីតេជោ»។ ហើយ បច្ចុប្បន្ន ផ្លូវនេះ កំពុងក្លាយជាទីកន្លែងកម្សាន្ត ក៏ដូចជាកន្លែងហាត់ប្រាណ ដ៏ពេញនិយមមួយ នាមូលដ្ឋាន ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង