ព្រឹកមិញនេះ ​លោក កឹម សុខា ​ជួប​ជាមួយ លោកស្រីឯកអគ្គរដ្ឋទូតបារាំង ​ពិភាក្សាលើបញ្ហាមួយចំនួន មុនបញ្ចប់អាណត្តិ..

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ​២០២១នេះ នៅស្ថានទូតបារាំង ក្នុងរាជធានីភ្នំពេញ ​លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានជួបជាមួយ លោកស្រីឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់គាត់។

លោក កឹម សុខា បានបញ្ជាក់នៅក្នុងជំនួប ជាមួយលោកស្រី ឯកអគ្គរដ្ឋទូតបារាំងថា ជំនួបនេះ គឺលោកស្រីឯកអគ្គរដ្ឋទូតបារាំង បានជម្រាបលា រូបលោក ដោយ​រូបគាត់ ត្រូវបញ្ចប់អាណតិ្តបេសកកម្មការទូតនៅកម្ពុជា និងវិលទៅបំពេញការងារថ្មីនៅទីក្រុងប៉ារីស ប្រទេសបារាំង វិញនៅចុងខែមិថុនានេះ។ លោក កឹម សុខា បន្តថា កិច្ចពិភាក្សាក្រៅពីនេះ គឺរូបលោក ក៏បានផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាគ្នា លើកិច្ចការមួយចំនួនទៀតជុំវិញកិច្ចសហប្រតិបត្តិការណ៍ រវាងប្រទេសទាំងពីរ ក៏ដូចជាសហគមន៍អឺរ៉ុបផងដែរ។

លោក កឹម សុខា បន្តថា កាលពីដើមសប្តាហ៍នេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញរូបលោក ទៅកាន់ស្ថានទូត ក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាការងារមួយចំនួនផងដែរ។

ជំនួបជាមួយតំណាងប្រទេសមហាអំណាចប្រជាធិបតេយ្យធំៗ នៃសហភាពអឺរ៉ុបទាំងពីរ (អាល្លឺម៉ង និង បារាំង)នេះ បានកើតឡើងក្រោយពេល រូបលោក បានជួបពិភាក្សាគ្នា​ជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីដើមខែមិថុនានេះ។

ឆ្លៀតក្នុងឱកាសនេះ លោក កឹម សុខា ក៏បានអរគុណប្រទេសប្រជាធិបតេយ្យជាមិត្ត របស់កម្ពុជា ដែលនៅតែផ្តល់តម្លៃឲ្យរូបលោក និងដែលនៅតែបន្តជួយដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១​៕

អត្ថបទដែលជាប់ទាក់ទង